មានការចាប់អារម្មណ៍និងចូលរួមត្រេកអរពីសំណាក់អ្នកគាំទ្រក៏ដូចជាមិត្តភក្តិក្នុងសិល្បៈគ្រប់គ្នាក្រោយឃើញតារាសម្តែងសាច់សខ្ចី លី ម៉ារីណា បង្ហាញមុខដៃគូថ្មីក៏ដូចជាបង្ហាញនូវការអរគុណចំពោះបុរសរូបនោះដែលបានផ្តល់តម្លៃដល់រូបនាងនាពេលកន្លងមក ។
បើគិតមកដល់ពេលនេះតារាសម្តែង លី ម៉ារីណា បានប្រកាសចែកផ្លូវជាមួយអតីតស្វាមីជាអ្នករស់នៅសហរដ្ឋអាមេរិកប្រមាណជាងមួយឆ្នាំហើយដោយបន្សល់នូវកូនប្រុសមួយជាចំណងដៃកដែលកំពុងរស់នៅក្រោមការមើលថែទាំពីសំណាក់អ្នកនាង។ អ្វីដែលកត់សម្គាល់នោះពេលនេះ លី ម៉ារីណា ក៏រកបានដៃគូថ្មីជាបុរសដែលមានរូបរាងស្រស់សង្ហាដោយតារារូបនេះបានបង្ហាញមុខជាសាធារណៈនៅក្នុងថ្ងៃខួបកំណើតគម្រប់អាយុ ៤២ឆ្នាំរបស់នាងកាលពីថ្ងៃទី ២៦ កន្លងទៅ ដោយមានការចូលរួមសាទរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន ។ អ្វីដែលពិសេសនោះពិធីខួបកំណើតដែលរៀបចំឡើងយ៉ាងអធិកអធមនៅភោជនីយដ្ឋាន Lotusនោះជាការរៀបចំដោយដៃគូថ្មីរបស់នាងផងដែរ។
ជាមួយនឹងរូបភាពយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍ថ្មី លី ម៉ារីណា បានរៀបរាប់ថា «អរគុណបងដែលផ្តល់ក្តីស្រលាញ់ឲ្យអូនយ៉ាងធំធេងបងបានរៀបចំចាត់ចែងកម្មវិធីថ្ងៃកំណើតជូនអូនយ៉ាងពិសេសអូនពិតជារំភើបចិត្តឥតគណនា កាដូដែលអូនទទួលបានពីបងគឺក្តីស្រឡាញ់នឹងការយកចិត្តទុក្ខដាក់មើលថែគ្រប់ពេលវេលាកាដូទាំងនេះមានតំលៃបំផុតសំរាប់អូនអរគុណបងគ្រប់យ៉ាង»។ជាមួយនឹងពាក្យពេចន៍ដ៏ស៊ីជម្រៅរបស់តារាសម្តែងមាឌធំដំបងរូបនេះបានធ្វើឱ្យអ្នកគាំទ្រមានការរំភើបចិត្តនិងរីករាយជំនួសនាងដែលរកបានមនុស្សពិសេសក្រោយបែកផ្លូវជាមួយអតីតស្វាមីលោក សាត ចាន់ថន ។
ក្រៅពីប្រកាសមានស្នេហ៍ថ្មីជាចំហបែបនេះគេមិនទាន់ឃើញតារាសម្តែង លី ម៉ារីណា បង្ហើបពីគម្រោងនៅក្នុងថ្ងៃពិសេសនាពេលអនាគតនោះឡើយ ។ តែយ៉ាងណាអ្នកគាំទ្រជាច្រើនសុទ្ធ តែលាន់មាត់ថាអ្នកទាំងពីរពិតជាស័ក្តិសមគ្នាតែម្តង ៕