ក្រោយពីមានរឿងផ្ទុះកក្រើកពេញបណ្តាញសង្គមរឿងអ្នកនាង ចាន់ សុផានី ចេញមុខសុំអាហារកិច្ចពីអតីតគូស្នេហ៍តារាចម្រៀង ហ្សូណូ ក្នុងការចិញ្ចឹមកូនស្រីនោះ។ ស្រាប់តារាសម្តែងសាច់សខ្ចី សេង សុឃីម បានទម្លាយថានាងមិនដែលទាមទារអាហារកិច្ចពីអតីតស្វាមីខ្លួនឡើយមិនមែនមកពីនាងខ្លាំងទេ តែបើគេមានចិត្តជាឪពុកគេមើលថែកូនហើយ ...។
ក្រោយពីផ្តាច់ស្នេហ៍ជាមួយតារាចម្រៀងសម្បូរស្នេហ៍ នាយចឺម ពេលនេះអ្នកមេម៉ាយកូនមួយ សេង សុឃីម មិនទាន់រកបានអ្នកស្អំបេះដូងនៅឡើយទេ ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ សេង សុឃីម បាននិយាយពីអតីតកាលរបស់ខ្លួនខ្លះៗក្រោយពីផ្ទុះរឿងតារាចម្រៀង ហ្សូណូ ត្រូវបានអតីតគូស្នេហ៍ ចាន់ សុផានី ទាមទារសុំជំនួយឱ្យជួយដល់ការសិក្សារបស់កូនស្រីវ័យជាង ១០ឆ្នាំ ។ សេង សុឃីម បានរៀបរាប់ថា«ញុំលែងលះ អាហារកិច្ចគេថាជួយ តែមិនដែលជួយ… ខ្ញុំក៏មិនដែលទាមទារ មិនមែនខ្ញុំខ្លាំងទេ ខ្ញុំចេញមកតែខ្លួននិងយកកូនប្រុសមកផ្ទះវិញ តែខ្ញុំមិនសុំគេឡើយ ទោះក្រម៉េចក៏ដោយ ព្រោះបើគេមានចិត្តជាឪពុកគេនិងមើលថែកូនហើយ តែបើគេគ្មានចិត្ត ចាប់ទុកថា គេជាមនុស្សមិនចេះស្រលាញ់កូន ខ្ញុំគិតត្រូវដែលលែងលះនិងគេ។
បើអ្នកសំរេចចិត្តថាចង់ចិញ្ចឹមកូនម្នាក់ឯងហើយ កុំយករឿងកូនមកទាមទារលុយពីគេ កុំយាយរឿងឪពុកមិនល្អ មិនដែលមើលថែ យាយឲ្យកូនស្អប់ ខឹង ឪពុក ធ្វើបែបនេះ ស្មើនិងយើងជាម្តាយអ្នកសម្ពាធឲ្យកូន មានអារម្មណ៏ថាខ្លួនឯងគ្មានខ្វះភាពកក់ក្តៅពីឳពុក-ល- យើងធ្វើបែបនេះកាន់តែធ្វើឲ្យខ្លួនឯងអត់តំលៃ យាយក្នុងនាមមនុស្សស្រី »។
ការលើកឡើងរបស់តារាសម្តែង សេង សុឃីម បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចាប់អារម្មណ៍នឹងបានបញ្ចេញមតិជាហូរហែរដោយមានការយល់ស្របជាមួយគំនិត របស់ សេង សុឃីម ប៉ុន្តែក៏មានមតិខ្លះបានរិះគន់ដល់ តារាសម្តែងរូបនេះថា«ជីវិតគេ ជីវិតយើង ស្គាល់ពាក្យថា គេនិងយើងទេបងស្រី?? គ្រាន់តែសរសេរក៏ខុសគ្នា ចឹងមិនអាចអោយជីវិតគេដូចយើង ក៏មិនអាចអោយយើងដូចគេ»ខ្លះទៀតបែរជាចោទត្រង់ៗដល់ សេង សុឃីមថា «កុំរៀនដៀមដាមអោយគេ! ព្រោះប្រពន្ធ Zono ធ្វើនេះក៏ដើម្បីអនាគតកូនគាត់ដែរ! ដូច្នេះតើពួកអ្នក តែៗ ស្ករៗ នឹងសុទ្ធតែត្រូវប្រុស ឬប្តីបោះបង់ចោល ទុកកូនអោយមើលតែម្នាក់ឯងមែន? រឿងនេះទាល់តែប៉ះខ្លួនឯងទើបដឹងច្បាស់»៕