រហូតមកដល់ពេលនេះរឿងរ៉ាវរបស់អតីតពិធីការិនី ចាន់ សុផានី និងកូនស្រី នៅតែជាប្រធានបទនៅក្នុងបណ្តាញសង្គមក្រោយកូនស្រី មុនីផ្កា ចេញមុខឡាយវីដេអូការពារអ្នកនាងកាលពីពេលថ្មីៗនេះ ។ អ្វីដែលកត់សម្គាល់កាលពីថ្ងៃទី ៣០យប់មិញនេះ ចាន់ សុផានី បានឡាយវីដេអូដោយបញ្ជាក់ថាដើម្បីតបទៅមនុស្សស្រីមួយចំនួនដែលឆ្លៀតឱកាសជាន់ពន្លិចរូបនាងនិងកូនស្រី ។ បើទោះមិនបានបញ្ជាក់ចំៗ តែគេជឿថា អតីតគូស្នេហ៍លោក ហ្សូណូ ប្រហែលជាចង់សំដៅទៅលើអ្នកនាង ចន ចន្ទលក្ខិណា ដែលតែងតែលូកមាត់នៅក្នុងរឿងមួយនេះ។
គេចាំបានថាក្រោយកូនស្រីរបស់លោក ហ្សូណូ មុនីផ្កា ដែលមានវ័យប្រមាណជា ១៣ឆ្នាំបានចេញមុខឡាយវីដេអូការពារអ្នកម្តាយ និងសំណូមពរឱ្យឈប់យកឈ្មោះម្តាយធ្វើជាប្រធានបទទៀត។ ស្រាប់តែអ្នកនាង ចន ចន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បៈនោះបានលូកមាត់ថា«បានឃើញវីដេអូហើយ តើពេលកូនហ៊ាននិយាយបែបនេះចំពោះប៉ាប៉ា តើថ្ងៃខាងមុខពេលកូនឆាតទៅសុំលុយប៉ាប៉ាបង់ថ្លៃសាលាតើកូនប្រើប្រយោគបែបម៉េច?អាណិតកូនណាស់ »។ក្នុងនោះក៏មានការបញ្ចេញមតិជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមដែលសូម្បីតារាសម្តែង គឹម លីហ្សា ក៏បាននិយាយថា«ឃើញវីដេអូនេះហើយហួសចិត្តណាស់»។
អ្វីដែលកត់សម្គាល់កាលពីថ្ងៃទី៣០យប់មិញនេះអ្នកនាង ចាន់ សុផានី បានចេញមុខឡាយវីដេអូជាថ្មីដោយអ្នកនាងប្រាប់ថាជាលើកចុងក្រោយហើយពេលនេះនាង និងកូនស្រីក៏សម្រេចឈប់សុំលុយជាជំនួយពីលោក ហ្សូណូ ទៀតដែរ ។ លើសពីនេះ ចាន់ សុផានី ក៏បានលើកឈ្មោះចំៗចំពោះអ្នកដែលបានជេរប្រមាថ និងរិះគន់មកលើកូនស្រីនាពេលកន្លងមក តែក្នុងនោះអ្នកនាងក៏បានផ្តាំទៅមនុស្សស្រីមួយចំនួនសុំមិននិយាយឈ្មោះថា«សូមឱ្យហែលឆ្លងការឈឺចាប់ខ្ញុំឱ្យរួចបើអ្នកឯងមានរឿងអីនេះជាកម្មពារដែលបានធ្វើមកលើខ្ញុំ ដ្បិតអ្នកឯងធ្លាប់ម្តងហើយបើគ្រាន់បើពេល ហ្សូណូ ចុះចោលខ្ញុំអ្នកឯងអាចរក្សាប្តីបានហើយ អ្នកឯងបានមើលកូនដិតដល់ដូចខ្ញុំទេកុំបង្កើតបក្សពួកដូចកុលសម្ព័ន្ធ ថ្ងៃមួយអ្នកឯងរលំអ្នកឯងនឹងអសោចមនុស្សមិនមែនតួឯករហូតទេ ខ្ញុំមិនបានធ្វើអ្វីអ្នកឯង ខ្ញុំស្រឡាញ់គោរពអ្នកឯងណាស់» ។
បើតាមការឡាយវីដេអូនេះបើទោះ ចាន់ សុផានី មិនបានបញ្ជាក់ឈ្មោះចំៗក៏ពិតមែន តែគេជឿជានាងចង់និយាយសំដៅអ្នកនាង ចន ចន្ទលក្ខិណា ដែលតែងតែលូកមាត់ចំពោះរឿងនាង និងលោក ហ្សូណូ ។ ប៉ុន្តែយ៉ាងណា ចាន់ សុផានី បានបញ្ជាក់ ថានេះជាលើកចុងក្រោយហើយនាងឈប់និយាយពីមនុស្សទាំងនោះហើយក៏ឈប់សុំលុយលោក ហ្សូណូ ទៀតដែរ៕