header ads

Sponsor

ខេត្តព្រៃវែង ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៧​នាក់ បាន​រង​របួសធ្ងន់ និង​ស្រាល ព្រមទាំង​រថយន្ត​៨​គ្រឿង​បាន​រង​ការ​ខូចខាត នៅ​​​​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​មួយ ដែល​បង្ក​ឡើង​ដោយសារ​តែ​រថយន្ត Ford Ranger​មួយ​គ្រឿង ដែល​ម្ចាស់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំធ្លាក់ភ្នែក បុក​បុកគ្នាពីក្រោយរុញចូល​រោងការ​មួយដែល​បាន​ធ្វើ​នៅ​អែប​ចិញ្ចើម​ផ្លូវ ។ 

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេ​លា​​ម៉ោង​ជិត​៩​យប់ ថ្ងៃ​ទី​១៤ ឧសភា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ស្ថិត​ក្នុងភូមិ​ស្គរ​ដាច សង្កាត់​តា​កោ ក្រុង​ព្រៃវែង ។ រថយន្ត​បង្កហេតុ​ម៉ាក Ford Ranger ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២BD៧៧៨៧ ចំណែក​ម្ចាស់​រថយន្ត​ភ្លាមៗមិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ 

ចំពោះ​ហេតុការណ៍​នេះ ត្រូវ​បាន​លោក នុ​ត ប៊ុ​ន​ឌឿ​ន អធិការ​នគរបាល​ក្រុង​ព្រៃវែង​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់​រថយន្ត​បង្ក​ទៅ​ចូលរួម​ក្នុង​ពិធី​មង្គលការ​កូនលោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ហើយ​ពេល​​​​ចេញ​មក​វិញ គេ​ឃើញ​រថយន្ត​នេះ​បើកបរ​ក្នុង​ល្បឿន​លឿន​ទំនងជា​ស្រវឹង​ខ្លាំង ។ ពេល​មក​​​​ដល់​ចំណុច​កើតហេតុ រថយន្ត Ford បាន​បុក​គូថ​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង ដែល​កំពុង​បើក​នៅ​ពីមុខ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​រថយន្ត​កាម​រី​បា​ឡែ​ន​វេ​កន្ទុយ​បោក​ចូល​ទៅ​ក្នុង​រោងការ ដែល​នៅ​ខាងឆ្វេង​ដៃ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​១១ បុក​បាក់​រោងការ និង​ប៉ះ​ត្រូវ​ភ្ញៀវ​ដែល​កំពុង​អង្គុយ​ហូប​ការ​របួសធ្ងន់​ស្រាល​ចំនួន​៧​នាក់យ៉ាងរដូករណែល ។ 

ដោយឡែក​រថយន្ត​បង្ក ក្រោយ​ពី​បុក​គូថ​រថយន្ត​កាម​រី​បា​ឡែ​ន​ហើយ បាន​បន្ត​ទៅ​បុក​រះ​រថយន្ត​៦​គ្រឿង​ផ្សេង​ទៀត ដែល​ម្ចាស់​ចត​នៅ​ចិញ្ចើម​ផ្លូវ​ខាងឆ្វេង​ដៃ ដែល​ជា​រថយន្ត​ភ្ញៀវ​មក​ហូប​ការ ទើប​កល់​ទៅ​មុខ​លែង​រួច និង​ខ្ទេច​មុខ​យ៉ាងដំណំ ។

លោក​អធិការ​ក្រុង​ព្រៃវែង​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​៧​នាក់​ដែល​របួស​នៅ​ក្នុង​រោងការ កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត ដោយឡែក​ជន​បង្ក ត្រូវ​បាន​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ។ រីឯ​រថយន្ត​ដែល​រង​ការ​ខូចខាត​ទាំង​៨​គ្រឿង សមត្ថកិច្ច​បាន​អូស​យក​មក​រក្សា​ទុក​ចំនួន​៥​គ្រឿង ចំណែក​៣​គ្រឿង​ផ្សេង​ទៀត​ដែល​ខូចខាត​ស្រាល ត្រូវ​បាន​ម្ចាស់​សុំ​យក​ទៅ​ជួសជុល​ខ្លួនឯង ដោយ​មិន​ទាមទារ​សំណង​អ្វី​នោះ​ទេ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post