ដ្បិតមិនសូវមានជីវភាពធូរធារខ្លាំងក៏ពិតមែន តែអតីតម្ចាស់ពាននៅក្នុងកម្មវិធី Cambodia Got Talent រដូវកាលទី១ កាលពីឆ្នាំ ២០១៥ យឿន ពិសី បានសម្រេចចិត្តយកកូនជាបន្តបន្ទាប់ ដែលថ្មីៗនេះភរិយារបស់លោកទើបសម្រាលកូនស្រីទីពីរដោយសុវត្ថិភាព ។ អ្វីដែលចាប់អារម្មណ៍ក្រោយក្លាយជាឪពុករបស់កូនប្រុសស្រីចំនួនពីរនាក់លោក យឿន ពិសី បានបញ្ជាក់ថាចាប់ពីពេលនេះតទៅលោកឈប់បាក់ទឹកចិត្តនឹងធ្វើខ្លួនឱ្យក្លាយជាប្តីល្អ និងឪពុកល្អ ។
ទោះមិនមានកាយសម្បទាគ្រប់គ្រាន់ តែលោក យឿន ពិសី ក៏ជាបុរសដែលមានសំណាងព្រោះទទួលបានការស្រឡាញ់ពីសំណាក់នារីស្រស់ស្អាតម្នាក់ហើយពេលនេះលោកក៏ទទួលបានចំណងដៃកូនប្រុសស្រីដ៏គួរឱ្យស្រឡាញ់ចំនួនពីរនាក់ថែមទៀតផង ។
អ្វីដែលកត់សម្គាល់ថ្មីៗនេះ យឿន ពិសី បានបង្ហោះសារដែលមានអត្ថន័យថា«ខ្ញុំ យឿន ពិសី ខ្ញុំមិនបាក់ទឹកចិត្តទៀតនោះទេព្រោះខ្ញុំមានប្រពន្ធនិងកូនល្អនៅក្បែរប្រពន្ធសម្លាញ់របស់បងអូនជាកម្លាំងចិត្ត ប្រពន្ធបងអូនជាកែវភ្នែករបស់បងរីឯកូនប្រុសស្រីទាំងពីរ កូនគឺជាបេះដូងថ្លើមប្រមាត់របស់ប៉ាមនុស្សបីនាក់នេះហើយដែលតែងតែលើកទឹកចិត្តនិងផ្ដល់ជាកម្លាំងចិត្តធ្វើជាកែវភ្នែកឲ្យខ្ញុំរហូតមកបងប្តេជ្ញានឹងធ្វើជាប្ដីល្អធ្វើជាឪពុកល្អធ្វើជាមេគ្រួសារល្អ»។
ជាមួយនឹងការសន្យារបស់អតីតម្ចាស់ពាននៅក្នុងកម្មវិធី Cambodia Got Talent យឿន ពិសី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការត្រេកអរនិងជូនពរដល់រូបលោកគ្រប់គ្នា ហើយខ្លះក៏បានសរសើរដល់ លោកដែលមានវ័យទើបតែ២៣ឆ្នាំ តែមានគំនិតចាស់ទុំចេះគិតពីសុភមង្គលក្នុងគ្រួសារ ។
បើតាមការលើកឡើងរបស់អតីតម្ចាស់ពានរូបនេះបានឱ្យដឹងថាលោក និងភរិយាបានសម្រេចចិត្តឈប់យកកូនទៀតដោយភរិយាបានការពារដោយការចងដៃស្បូន ។ គេចាំបានថា យឿន ពិសី បានសម្រេចរៀបការទៅតាមប្រពៃណីខ្មែរជាមួយភរិយា ដែលជាហ្វេនក្រោយពីបានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជាមួយឆ្នាំ ។ អ្នកទាំងពីរបានរៀបការកាលពីដើមឆ្នាំ ២០២១ ៕