header ads

Sponsor

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានបង្ហោះវីដេអូខ្លីមួយ បង្ហាញពីនិស្សិតម្នាក់ រំភើបរហូតដល់ស្រក់ទឹកភ្នែកសស្រាក់ ពេលនាងបានថតរូប និងសុំហត្ថលេខារបស់លោកបណ្ឌិតទុកជាអនុស្សាវរីយ៍។

លោកបណ្ឌិតបានបង្ហោះវីដេអូខ្លី អមដោយខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖

ក្រោយពេលចប់ពិធីសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម កាលពីល្ងាចម្សិលមិញ (៩ មិថុនា ២០២៣) មានបងប្អូន និងក្មួយៗមួយចំនួនសុំថតរូប និងមួយចំនួនសុំហត្ថលេខាខ្ញុំទុកជាអនុស្សាវរីយ៍ ដែលក្នុងនោះក៏មានក្មួយស្រីម្នាក់ បានសុំហត្ថលេខារបស់ខ្ញុំ លើកាតចូលរួមពិធីរបស់គាត់ផងដែរ។

ពេលដែលខ្ញុំកំពុងចុះហត្ថលេខា ស្រាប់តែលឺសំឡេងគាត់ចាប់ផ្តើមយំខ្សឹកខ្សួល ដែលធ្វើឱ្យខ្ញុំមានការបារម្ភគិតថាគាត់មានរឿងអ្វី... ពេលនោះខ្ញុំបានសួរគាត់ថា មានរឿងអ្វីក្មួយបានយំ ក្មួយកុំយំអីណា... ដំបូងគាត់អត់ឆ្លើយទេ គិតតែពីយំ ហើយស្ទុះមកអោបខ្ញុំ ដែលធ្វើឱ្យខ្ញុំចង់ភ័យមែនទែន... ប៉ុន្តែបន្តិចក្រោយមកគាត់ប្រាប់ថា គាត់យំដោយសារគាត់រំភើបពេក... ក្មួយអើយក្មួយ ពូឡើងភ័យស្មានតែក្មួយមានរឿងអ្វី។

ក្រោយមកក្រុមការងារក៏បានសួរគាត់បន្ថែម គាត់ថាបានជួបខ្ញុំបីដងហើយ តែថ្ងៃនេះមានសំណាង បានថតរូបជាមួយ និងបានសុំហត្ថលេខាទុកជាអនុស្សាវរីយ៍។

អរគុណក្មួយចំពោះការគោរពស្រលាញ់ និងសូមជូនពរក្មួយទទួលបានជោគជ័យ ក្នុងការសិក្សា និងក្នុងគ្រប់ការងារទាំងអស់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post