ព្រះខ័នរាជ្យបុរាណ ប្រហែលកសាងនៅពាក់កណ្តាលសតវត្សទី១០ចន្លោះគ.ស.៩២៨-៩៤១ ត្រូវបានពលរដ្ឋភ្ជួរដីរើសបាន រួចយកមកប្រគល់ជូនសមត្ថកិច្ច ដើម្បីយកមករក្សាទុក។
យោងតាមសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានដែលបង្ហោះនៅលើទំព័រហ្វេសបុកមួយ អំពីរូបព្រះខ័នរាជ្យបុរាណមួយដើម កម្លាំងជំនាញការិយាល័យនគរបាលបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង បានចុះស្រាវជ្រាវរកម្ចាស់ហ្វេសប៊ុកនោះ។
រហូតដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចរកឃើញម្ចាស់ដើមដែលរក្សាទុកវត្ថុបរាណនោះ នៅផ្ទះរបស់ឈ្មោះ ហេង ភីន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិកក់ពោន ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។
ម្ចាស់ដើមដែលរក្សាទុកវត្ថុបុរាណនោះបានយកមកប្រគល់ឱ្យសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរក្សា ដើម្បីយកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារជាបណ្តោះអាសន្ន រង់ចាំមានគោលការណ៍ថ្មី។
សូមជម្រាបជូនថា រូបព្រះខ័នរាជ្យបុរាណនេះមានប្រវែង៨៦សង់ទីម៉ែត្រ (ក្នុងនោះ ផ្លែព្រះខ័នមានប្រវែង ៦០សង់ទីម៉ែត្រ,ទទឹងផ្លែព្រះខ័នមានប្រវែង ៦សង់ទីម៉ែត្រ,ដងព្រះខ័នមានប្រវែង ២៦សង់ទីម៉ែត្រ និងមានទម្ងន់២,៦គីឡូក្រាម) ត្រូវបានរកឃើញកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ៕