header ads

Sponsor

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីបំភ្លឺមួយ ក្រោយពីមានសាលាឯកជនមួយ បានប្រកាសតម្រូវឱ្យអាណាព្យាបាលសិស្សបង់ពន្ធលើថ្លៃការសិក្សា ដោយក្នុងសេចក្តីបំភ្លឺ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា៖

«នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានសង្កេតឃើញមានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម Facebook ថា សាលាខ្មែរ-ចិនអរសប្បាយសិក្សា (JOY SCHOOL) តម្រូវឱ្យអាណាព្យួបាលសិស្សបង់ពន្ធលើថ្លៃការសិក្សា ដោយក្នុង លិខិតជូនដំណឹងរបស់សាលាបានបញ្ជាក់ថា “សាលាខ្មែរ-ចិនអរសប្បាយសិក្សា មានកិត្តិយស សូមជម្រាបជួនដំណឹងដល់ មាតាបិតា ឬអាណាព្យបាលសិស្សទាំងអស់ឱ្យបានជ្រាបថា៖

តាមលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ សិស្សានុសិស្សទាំងអស់ត្រូវបង់ពន្ធលើថ្លៃការសិក្សា ២០%  ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗ ហើយសាលាបានបង់ពន្ធលើថ្លៃការសិក្សា ជំនួសមាតាបិតា ឬអាណាព្យាបាលសិស្សអស់រយៈពេល៣ឆ្នាំ។

ចាប់ពីឆ្នាំនេះទៅ សាលាជួយបង់ពន្ធលើថ្លៃការសិក្សា ជូនរដ្ឋតែ ១០%ប៉ុណ្ណោះ រឺឯនៅសល់ថ្លៃលើការសិក្សា ១០% ទៀត សូមមាតាបិតាឬ អាណាព្យាបាលសិស្សត្រូវទទួលខុសត្រូវ ជួយបង់ពន្ធលើថ្លៃការសិក្សានេះ។ ដោយគិតគូរពីស្ថានភាពសេដ្ឋកិច្ច របស់សង្គមបន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត ថ្លៃសិក្សានឹងមិនត្រូវបានដំឡើងនៅឆ្នាំនេះទេ”។

អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការបញ្ជាក់ជូនថា អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ គឺមិនមាន ប្រភេទពន្ធលើថ្លៃការសិក្សា នោះទេ។

ដោយឡែក ពន្ធលើប្រាក់ចំណូលតាមអត្រា២០% គឺជាបន្ទុករបស់គ្រឹះស្ថានសិក្សាផ្ទាល់ មិនមែនជាបន្ទុករបស់អាណាព្យាបាលសិស្សានុសិស្សឡើយ។ ដូច្នេះមិនមានការតម្រូវឱ្យអាណាព្យាបាលសិស្សានុសិស្សបង់ពន្ធលើថ្លៃការសិក្សា ២០% ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំ តាមការលើកឡើងរបស់ សាលាខ្មែរ-ចិនអរសប្បាយសិក្សា នោះទេ។

ទន្ទឹមនឹងនេះ សូមជម្រាបជូន ដល់សាធារណជន ជាពិសេសអាណាព្យាបាលសិស្សានុសិស្សឱ្យបានជ្រាបផងដែរ ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ យ៉ាងខ្លាំង ដោយបាត់ទុកជាវិស័យអប់រំជាវិស័យអាទិភាព និងបាន អនុគ្រោះលើកទឹកចិត្តថ្លៃពន្ធដារដល់វិស័យនេះ ជារៀងរហូតមក ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់រយៈពេល ៥ឆ្នាំម្តងៗ រហូត មកដល់បច្ចុប្បន្ន។

ថ្មីៗនេះ តាមរយៈលិខិតលេខ ២៥២ សជណ.អវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានបន្តផ្តល់ការលើកទឹកចិត្តផ្អែកពន្ធដារដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល,ពន្ធអប្បបរមា អាករលើតម្លែបន្ថែម និងពន្ធកាត់ទុកលើសេវាកម្ម ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨ ប៉ុន្តែគ្រឹះស្ថានសិក្សាត្រូវបង់ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកលើ ការជួលទីតាំង ពន្ធអចលនទ្រព្យ និងប៉ាតង់។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ និងសហការជាមួយស្ថាប័នអប់រំ, និងស្ថាប័នពាក់ព័ន្ធនានា ធ្វើការពិនិត្យ លើគ្រឹះស្ថានទាំងឡាយណា ដែលអនុវត្តមិនត្រឹមត្រូវស្របតាមគោលការណ៍លើកទឹកចិត្តពន្ធដាររបស់រាជរដ្ឋាភិបាលដល់វិស័យ អប់រំ ហើយក្នុងករណីរកឃើញថាស្ថាប័នអប់រំណាមួយប្រព្រឹត្តល្មើស នឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់ និងលិខិត បទប្បដ្ឋានគតិយុត្តជាធរមាន។ រាល់ចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទាក់ទងមកលេខ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat ឬអង្គភាពពន្ធដារដែលសហគ្រាសស្ថិតក្រោមការគ្រប់គ្រង។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងស្នើឱ្យសាលាខ្មែរ-ចិនអរសប្បាយសិក្សា កែតម្រូវខ្លឹមសារ នៃលិខិតជូនដំណឹងរបស់ខ្លួនឡើងវិញ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post