នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ អគ្គិសនីកម្ពុជា បានបំភ្លឺ ចំពោះម្ចាស់គណនី Tik Tok មួយឈ្មោះ Āmm Mā បានលើកឡើងថា “បងប្អូនភ្លើងខែនេះ ខ្ញុំអត់បង់ទេ ខ្ញុំអត់ដែលនៅផ្ទះទេ តែភ្លើងរបស់ខ្ញុំអស់ ៤០៤,៤០០រៀល ខ្ញុំអត់មាត់ទេ ចឹងខ្ញុំអត់មានលុយបង់ទេ ទឹកភ្លើងស៊ីដល់ក ខ្ញុំអត់បង់ទេ អាណិតប្រជាជនផង ជិតលៀនអណ្តាតហើយ សភ្នែកទទេស្អាត” ។
បើតាមការចុះទៅពិនិត្យដោយផ្ទាល់ពីក្រុមការងារបច្ចេកទេសឃើញថា ប្រព័ន្ធនាឡិកាស្ទង់ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ដំណើរការធម្មតា។ សម្ភារប្រើប្រាស់របស់អតិថិជនមានដូចជា៖ ទូរទឹកកក ០១គ្រឿង ម៉ាស៊ីនត្រជាក់ ០១គ្រឿង ឆ្នាំងដាំបាយ ០១គ្រឿង អំពូល០៤គ្រាប់ និងឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត។
សូមជម្រាបថា អតិថិជនពុំបានចូលរួមពិនិត្យជាមួយក្រុមការងារបច្ចេកទេសទេ ប៉ុន្តែអតិថិជនបានអនុញ្ញាតឱ្យម្តាយមីងចូលរួម សហការពិនិត្យជំនួស។ ម្តាយមីងរបស់គាត់បានឯកភាពក្នុងការពិនិត្យតាមលក្ខណៈបច្ចេកទេសស្របតាមនីតិវិធី និងវិជ្ជាជីវៈត្រឹមត្រូវរបស់ក្រុមការងារ។ ទោះបីជាម្ចាស់គណនី Tik Tok ឈ្មោះ Āmm Mā មិនឯកភាព ប៉ុន្តែអតិថិជនបានទូទាត់ប្រាក់ប្រើប្រាស់ថាមពលប្រចាំខែបានទៀងទាត់ធម្មតា មិនមែនដូចការចុះផ្សាយរបស់អតិថិជននោះទេ។
អគ្គិសនីកម្ពុជា សូមសំណូមពរចំពោះអតិថិជនទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជា ប្រសិនបើមានបញ្ហា ឬចម្ងល់អ្វី ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី ការចុះផ្សាយតាមបណ្តាញសង្គម Facebook ឬTik Tok ឬបណ្តាញសង្គមផ្សេងទៀត មិនមែនជាដំណោះស្រាយនោះទេ សូមអតិថិជនអញ្ជើញមកបណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះឱ្យអគ្គិសនីកម្ពុជា ដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលមាននៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ "អគ្គិសនីកម្ពុជា-EDC" ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ ១២៩៨ ទាំងនេះជានីតិវិធីនៃការដោះស្រាយ ដោយឥតគិតថ្លៃ។ អាស្រ័យហេតុនេះសូមអតិថិជន និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ