header ads

Sponsor

ក្រោយអតីតកីឡាប្រដាល់ បឺត សំរេច លាតត្រដាងការពិតថាខ្លួនជាតំណក់ឈាមរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត នោះក៏មានការវែកញែកជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមដោយខ្លះការបានបង្ហាញការជឿជាក់ថាលោកពិតជាកូនប្រុសរបស់អធិរាជសំឡេងមាសពិតប្រាកដមែន តែក៏មានការងឿងឆ្ងល់ថាមូលហេតុអ្វីទើបលោកដាច់ចិត្តនិយា យការពិតរបស់ខ្លួននាពេលនេះទៅវិញ ។

តាមរយៈការសម្ភាសរបស់តារាចម្រៀង អ៊ុក ណារីម ជាពិធីករនោះអតីតកីឡាប្រដាល់ បឺត សំរេច បាននិយាយថាលោកបានលាក់ប្រវត្តិរបស់ខ្លួនតាំងពីតូចដែលសូម្បីតែអតីតអ្នកប្រដាល់ជាមួយលោកកន្លងមកក៏មិនមានអ្នកណាដឹងថាលោកជាកូនប្រុសលោកតា ស៊ិន ស៊ីសាមុត ដែរ។ លោកខ្មាស់គេដោយសារម្តាយរបស់លោកមិនមែនជាភរិយាស្របច្បាប់របស់លោក ឪពុកស៊ិន ស៊ីសាមុត​ ណាមួយលោកខ្លាចគេមិនជឿគិតថាលោកប្រឌិតដើម្បីចង់ល្បី។

ប៉ុន្តែ មូលហេតុដែលលោកសម្រេចចិត្តលាតត្រដាងប្រវត្តិរបស់ខ្លួននៅពេលនេះដោយសារតែម្តាយចិញ្ចឹមរបស់លោកបានលើកទឹកចិត្តដលរូបលោកដោយនិយាយថាល្មមដល់ពេលលោកត្រូវប្រាប់ការពិតព្រោះសព្វថ្ងៃលោកក៏មានអាយុច្រើនហើយដើម្បីឱ្យបងប្អូនខ្មែរបានដឹងព្រោះមានបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសនៅស្រឡាញ់លោកឪពុក។

ដ្បិតមិនមានអ្វីជាសំអាងច្បាស់លាស់ថាអតីតកីឡាប្រដាល់វ័យ ៤៩ឆ្នាំរូបនេះជាកូនប្រុសរបស់អធិរាជលោកតា ស៊ិន ស៊ីសាមុត ក៏ពិតមែន តែមហាជនជាច្រើនបានបង្ហាញការជឿជាក់ដោយសំអាងទៅលើរូបរាងរបស់លោក បឺត សំរេច  ជាពិសេសទឹកដមសំឡេងពិរោះរបស់លោកដែលគេអាចស្តាប់បានតាមរយៈបទចម្រៀងមួយចំនួនរបស់លោកតា ស៊ិន ស៊ីសាមុតដែលលោក បឺត សំរេច បានច្រៀងឡើងវិញ។

ក្នុងនោះក៏មានការលើកទឹកចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនថាកាលលោក បឺត សំរេច នៅជាកីឡាប្រដាល់គាំទ្រម្តងហើយពេលនេះសុំគាំទ្រឡើងវិញក្នុងនាមជាតារាចម្រៀង ។ សង្ឃឹមថាលោកនឹងមានឈ្មោះល្បីហើយក៏មិនទាន់ហួសពេលដែរក្នុងការទម្លាយថាខ្លួនជាកូនប្រុសរបស់លោកតា ស៊ិន ស៊ីសាមុត ដែលគ្រប់គ្នាស្គាល់ថាជាអធិរាជសំឡេងមាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post