header ads

Sponsor

បើទោះបីជារឿងប្រកាសខ្លួនជាតំណក់ឈាមរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ពីសំណាក់អតីតកីឡាប្រដាល់លោក បឺត សំរេច ហាក់ទទួលបានការគាំទ្រ និងសាទរពីសំណាក់មហាជនជាច្រើនក្តី តែដើម្បីឱ្យកាន់តែច្បាស់លាស់និងជាក់លាក់ថ្មីៗនេះឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀងណាំ ត្រៀមនឹងចំណាយពេលចុះស្រាវជ្រាវដល់ទីកន្លែងប្រទេសឡាវ និងប្រទេសថៃដែលអ្នកម្តាយ ធីម វិជ្ជរ៉ា ក៏ដូចជាលោក បឺត សំរេច ធ្លាប់រស់នៅ ។

ដោយសារតែពុំទាន់មានការបញ្ជាក់ច្បាស់លាស់តាមរយៈការធ្វើតេស្តបែបវិទ្យាសាស្រ្ត DNA ទើបរហូតមកដល់ពេលនេះរឿងរ៉ាវរបស់លោក បឺត សំរេច នៅតែជាចំណុចក្តៅនៅក្នុងបណ្តាញសង្គម ។ ដោយមហាជនមួយភាគធំក៏បានសម្តែងការជឿជាក់តាមរយៈភស្តុតាងដែលបានទម្លាយមកជាហូរហែ តែមួយភាគទៀតហាក់បង្ហាញការស្រពេចស្រពិលនៅឡើយស្របពេលក្រុមគ្រួសារសាច់ញាតិរបស់លោកតា ស៊ីន ស៊ីសាមុត ហាក់មិនខ្វល់ខ្វាយឬប្រតិកម្មចំពោះរឿងនេះ ។ប៉ុន្តែយ៉ាងណាថ្មីៗនេះតារាចម្រៀង សុះ ម៉ាច បាននិយាយថាឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀងណាំ នឹងចំណាយពេលជូនលោក បឺត សំរេច ដើម្បីចុះទៅស្រាវជ្រាវនៅប្រទេទេស ឡាវនិងថៃដែលជាទីកន្លែងដែលអ្នកម្តាយលោក បឺត សំរេច ធ្លាប់រស់នៅនាពេលកន្លងមកដើម្បីឱ្យកាន់តែមានភស្តុតាងរឹងមាំ បន្ថែមទៀត ។

តារាចម្រៀង សុះ ម៉ាច បានបង្ហោះសំណេររៀបរាប់យ៉ាងវែងអន្លាយថា«ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀងណាំ ជាមន្ត្រីដ៏ឆ្នើមមួយរូប ដែលបានរួមចំណែកកសាងប្រទេសជាតិ ជាពិសេសទឹកដីខេត្តសៀមរាប។កំឡុងពេលយុទ្ធនាការបោះឆ្នោតចុងបញ្ចប់ថ្ងៃទី ២១ កក្កដា នៅស្រុកក្រឡាញ់ខេត្តសៀមរាបលោកបានផ្តល់ឱកាសឲ្យខ្ញុំបាទនិងប្អូន បឺត សំរេច ជួបជាមួយគ្នា។ វេលា២ថ្ងៃដែលខ្ញុំនិងបឺត សំរេច ជួបគ្នាតាំងពីធ្វើដំណើររួមគ្នាពីភ្នំពេញក៏ដូចជាការស្នាក់នៅនិងការជួបជជែកជាមួយលោកឧកញ៉ា ខ្ញុំបានដឹងរឿងរ៉ាវច្រើនពីបឺត សំរេច ដែលបានរៀបរាប់។

លោកឧកញ៉ាសៀង ណាំ មានបំណងស្រាយចម្ងល់មហាជនពាក់ព័ន្ធនិងបឺត សំរេច ក្រៅពីការធ្វើតេស្តតាមរយ: វិទ្យាសាស្ត្រ DNA ដែលត្រូវចំណាយថវិការច្រើន ខ្ទង់មុឺនដុល្លារ ដោយមានការយល់ព្រមពីក្រុមគ្រួសារលោកស៊ីន ស៊ីសាមុត ក៏ដោយ(តាមការបញ្ជាក់ពី បឺត សំរេច )លោកបានជជែកជាមួយខ្ញុំនិងបឺត សំរេច ថា លោក សុខចិត្តចំណាយ ពេលជូនបឺត សំរេច ចុះស្រាវជ្រាវដល់ទឹកដីឡាវនិងថៃជាទីកន្លែងដែលម្តាយក៏ដូចជា បឺត សំរេច ធ្លាប់រស់នៅ ដើម្បីបានឯកសារក៏ដូចជាភស្តុតាងខ្លះបញ្ជាក់ជូនឱ្យច្បាស់ជូនប្រិយមិត្តមហាជនឱ្យលោកបានជ្រាបច្បាស់ពី បឺត សំរេច និងអធិរាជ ស៊ីន ស៊ីសាមុត ជៀសជាងការចំណាយថវិកាច្រើនលើរឿងនេះដោយសារ ប្តូន បឺត សំរេច ពុំមានលទ្ធភាព។

សង្ឃឹមថាវាំងនននឹងបើកឱ្យឃើញការពិតច្បាស់ៗក្នុងពេលខ្លីខាងមុខមិនខាន។សូមមហាជនមេត្តាអធ្យាស្រ័យដល់ការជ្រាវរបស់ប្អូនសេងតារាក៏ដូចជាវីរះវ៉ារ៉ាឌីផង ។ពួកគាត់គ្មានចេតនាអ្វីក្រៅពីស្វែងរកការពិតនិងការស្រាយចម្ងល់ជូនមហាជនពាក់ព័ន្ធនិងជីវិត បឺត សំរេច បើគ្មានពួកគាត់ខំចំណាយពេល ជួបសាក្សីកន្លងមក នោះការពិតក៏ដូចជាពន្លឺខ្លះក៏នឹងពិបាកកើតមានដែរ។អ្នកស្រាវជ្រាវដែលមានវិជ្ជាជីវៈជួបបញ្ហា២ គឺគុណសម្បត្តិនិងគុណវិបត្តិ បើស្រាវជ្រាវជួបមនុស្សពិតព័ត៌មានក៏ពិត បើជួបមនុស្សស្រពិចស្រពិលព័ត៌មានក៏មិនច្បាស់រងការវាយប្រហារមិនខាន។សង្ឃឹមថាប្រិយមិត្តមហាជនលោកនឹងយល់។រីឯសំណេររបស់ខ្ញុំក៏គ្មានចេតនាការពារនរណាម្នាក់នោះទេ ខ្ញុំជាមនុស្សឈរតែជំហរកណ្តាលទេ»។

ជាមួយនឹងការលើកឡើងរបស់តារាចម្រៀង សុះ ម៉ាច បានធ្វើឱ្យមហាជនជាច្រើនមានការគាំទ្រចំពោះគំនិតរបស់ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀងណាំ ហើយរំពឹងថារឿងពិតរបស់អតីតកីឡាប្រដាល់វ័យ ៤៩ឆ្នាំរូបនេះនឹងលាតត្រដាងនៅក្នុងពេលឆាប់ៗនេះតាមរយៈការចុះស្រាវជ្រាវដល់ទីកន្លែងដែលអ្នកម្តាយរបស់លោក ធីម វិជ្ជរ៉ា ធ្លាប់រស់នៅនាពេលកន្លងមកទាំងនៅក្នុងប្រទេសឡាវ និងប្រទេសថៃ  ។ ទាំងនេះក៏ជាភស្តុតាងមួយក្រៅពីការធ្វើតេស្តបែបវិទ្យាសាស្ត្រដែលគេគិតថាមិនអាចទៅរួចនោះឡើយ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post