header ads

Sponsor

រយៈពេលជាច្រើនឆ្នាំហើយដែលអ្នកស្រី ងិន ម៉ានីយ៉ា បានបញ្ចប់អាជីពជាអ្នកនិពន្ធបទចម្រៀងនៅក្នុងផលិតកម្មហង្សមាស ។ តែយ៉ាងណាកន្លងមកអ្នកស្រីធ្លាប់ព្រលយថានឹងវិលមកនិពន្ធបទចម្រៀងឡើងវិញ ។ អ្វីដែលកត់សម្គាល់ថ្មីៗអតីតអ្នកនិពន្ធបទចម្រៀងនៅក្នុងផលិតកម្មហង្សមាសរូបនេះបានបង្ហោះសារផ្តាំទៅតារាចម្រៀងដែលអ្នកស្រីធ្លាប់បាននិពន្ធឱ្យច្រៀងស្តាប់ហើយចាក់ដោតជាខ្លាំង ។

ជឿជាក់ថាមហាជនជាច្រើនពិតជាបានស្គាល់ទឹកដៃ និងសមត្ថភាពនៅក្នុងការនិពន្ធបទចម្រៀ ងរបស់អ្នកស្រី ងិន ម៉ានីយ៉ា ដែលជាអ្នកម្តាយរបស់តារាសម្តែង ហ្វីយ៉ាតា នៅក្នុងផលិតកម្មហង្សមាសកាលពីច្រើនឆ្នាំមុន ។ បទចម្រៀងរបស់អ្នកស្រីភាគច្រើនជាបទល្បីៗរបស់តារានៅក្នុងទ្រនំមួយនេះដែលមានដូចជា ព្រាប សុវត្ថិ ណុប បាយ៉ារិទ្ធ ឱក សុគន្ធកញ្ញា ពេជ្រ សោភា ឆន សុវណ្ណរាជ រួមនឹងតារាជើងចាស់មួយចំនួនដែលបានចាកចេញពីអាជីពនេះដូចជាអតីតតារាចម្រៀង គឹម លក្ខិណា ជាដើម ។

អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះអតីតអ្នកនិពន្ធដែលមានសមត្ថភាពរូបនេះបង្ហោះសាររៀបរាប់ថា «ថ្ងៃនេះនាងខ្ញុំ សូមផ្ញើសារដល់កំពូលៗតារាចម្រៀង ដែលល្បីល្បាញដោយសារទំនុកច្រៀងរបស់នាងខ្ញុំ គ្រប់ៗគ្នាឲ្យបានជ្រាបថា បើអ្នកមានវាសនាបានល្បីល្បាញ មានកិត្តិយសកេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិហូរហៀរហើយ បើមិននឹកគុណដល់ខ្ញុំក៏មិនអីដែរ។

គ្រាន់តែសូមកុំភ្លេចឈ្មោះអ្នកដែលធ្លាប់និពន្ធទំនុកច្រៀងល្អៗឲ្យអ្នកបានល្បីដូចសព្វថ្ងៃនេះទៅបានហើយ។មិនមែនទាមទារគុណស្រ័យអ្វីទេ គ្រាន់តែតូចចិត្តថាហេតុអ្វីសង្គមខ្មែរយើង មិនព្រមផ្ដល់តម្លៃកិត្តិយសនិងលើកតម្កើង អ្នកនិពន្ធសោះអញ្ចឹង ?កុំចាំដល់ពេលខ្ញុំ ស្លាប់រលត់វិញ្ញាណបាត់ទៅ ទើបចេញមកថ្លែងអំណរ ផ្ដល់តម្លៃនិងកិត្តិយសអ្វីនោះទេ ព្រោះខ្ញុំលែងដឹង ស្ដាប់លែងឮ។តែប៉ុណ្ណឹងឯង សូមជម្រាបសួរ សូមអរគុណ សូមជម្រាបលា »។

នេះជាលើកដំបូងដែលគេបានឃើញអតីតអ្នកនិពន្ធបទចម្រៀងនៅក្នុងផលិតកម្មខ្នាតយក្សមួយនេះបញ្ចេញអារម្មណ៍ជាសាធារណៈនៅលើបណ្តាញសង្គមបែបនេះ ។អ្នកស្រី ងិន ម៉ានីយ៉ា បានបន្ថែមថាមិនចង់បានគុណអ្វីទេ ចង់បានកម្លាំងចិត្តតែប៉ុណ្ណោះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post