កីឡាករ ជនជាតិកាណាដា Dave Leduc ត្រូវបានចាត់ទុកជាកំពូលជើងខ្លាំងក្បាច់គុនមីយ៉ាន់ម៉ា បានប្រកាសអបអរសាទរដល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា និងប្រកាសពីគោលជំហរក្នុងការមកប្រកួតប្រដាល់នៅប្រទេសកម្ពុជា គឺចង់ក្លាយព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ដ្រ ក៏ដូចជាការប្រយុទ្ធចូលនិវត្តន៍របស់លោក ដោយក្នុងនោះលោកបានអញ្ជើញវត្តមាននាយករដ្ឋមន្ត្រីថ្មីចូលរួមផងដែរ។
តាមរយៈសំណេររបស់ កីឡាករ Dave Leduc កាលពីល្ងាចថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា៖
«ខ្ញុំសូមអបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា🇰🇭 នៅចុងឆ្នាំនេះ ខ្ញុំមកលេងប្រទេសកម្ពុជាដ៏ស្រស់ស្អាត ហើយត្រូវទៅប្រកួតក្រោមគុនខ្មែរ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៅពេលដែលខ្ញុំមកដល់កម្ពុជា។
ខ្ញុំមានអ្នកតាមដានរាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលមានប្រជាជនចំនួន 54 លាននាក់ ប្រទេសកម្ពុជាមាន 16 លាននាក់ ហើយប្រទេសទាំងពីរនឹងលើកទឹកចិត្តពួកយើងដើម្បីអបអរសាទរមិត្តភាពដ៏អស្ចារ្យរវាងមីយ៉ាន់ម៉ា និងកម្ពុជាតាំងពីបុរាណកាលមក។
ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកនឹងនិយាយអំពីព្រឹត្តិការណ៍នេះ ព្រោះវានឹងក្លាយជាការប្រយុទ្ធចូលនិវត្តន៍របស់ខ្ញុំ។ តើឯកឧត្ដមចូលចិត្តសិល្បៈក្បាច់គុណឬទេ ? ប្រសិនបើចូលចិត្ត នោះពិតជាមហាកិត្តិយសសម្រាប់ខ្ញុំ សម្រាប់គូប្រជែងរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ប្រសិនបើឯកឧត្ដមមានវត្តមានអញ្ជើញចូលរួមជាភ្ញៀវមហាកិត្តិយសនៅទីក្រុងភ្នំពេញ។
ទោះបីជាខ្ញុំជាជនជាតិបរទេសក៏ដោយ ក៏ខ្ញុំស្រឡាញ់និងគោរពកម្ពុជាផងដែរ ហេតុនេះហើយបានជាខ្ញុំព្រមប្រកួតក្រោមគុនខ្មែរបុរាណ ព្រោះខ្ញុំដឹងពីប្រវត្តិសាស្ត្រពិត… ខ្ញុំចង់ចាប់ដៃឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។ សង្ឃឹមថា ឯកឧត្ដមអាចពិចារណាតាមការអញ្ជើញរបស់ខ្ញុំ 🙏 សូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ។»
ស្រាប់តែនៅព្រឹកថ្ងៃទី ១៥ ខែសីហានេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកីឡាករ Dave Leduc បង្ហោះសំណេរ ពេលនេះមានការឆ្លើយតបពី ឯកភាពពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ហើយ ។ តាមរយៈសំណេរឆ្លើយតប ឯកឧត្តមបណ្ឌិត បានលើកឡើងថា៖
«សួស្ដីលោក Dave Leduc !
សូមអរគុណលោកចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូនពរលោកទទួលបានជោគជ័យ។
រង់ចាំជួបគ្នានាចុងឆ្នាំនេះ ពេលដែលលោកមកកាន់ប្រទេសកម្ពុជា។»