header ads

Sponsor

នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនពិភពដីមាស បានចេញលិខិតសុំទោសជាសាធារណៈជូនចំពោះលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ចំពោះកំហុសឆ្គងកន្លងមក តែយ៉ាងណាលោកស្នងការខេត្តកំពតរូបនេះបានឆ្លើយតបទៅវិញថាគ្រាន់តែអនុវត្តតាមតួនាទីភារៈកិច្ច និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។

លិខិតសុំទោសជាសាធារណៈនេះបានធ្វើឡើង បន្ទាប់ពីតុលាការសម្រេចចេញដីកាឃុំខ្លួនឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាស និងអង្គរក្ស៥ នាក់ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ។ យោងតាមលិខិតរបស់ក្រុមហ៊ុន ពិភពដីមាស មានខ្លឹមសារថា៖

ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក កន្លងមកនេះពិតជាបានសាងនូវកំហុសខុសឆ្គងដ៏ធំធេងលើ ឯកឧត្តមស្នងការ និងស្ថាប័នស្នងការដ្ឋាននគរបាលខេត្តដែលជានិមិត្តរូបរបស់ជាតិ។ ដោយសេចក្តីសន្តោសប្រោសប្រណី ឯកឧត្តមស្នងការ និងស្ថាប័ន មិនដែលខឹងស្អប់ក្រុមហ៊ុនទេ ទុក ក្រុមហ៊ុនជាកូនចៅស្មើសិទ្ធិនឹងប្រជារាស្ត្រជាអតិថិជនដែរ មិនតែប៉ុណ្ណោះ ឯកឧត្តមស្នងការ និងស្ថាប័នតែង តែក្រើនរំលឹកដល់ក្រុមហ៊ុនឲ្យពន្លឿនក្នុងការដោះស្រាយនូវសេចក្តីទុក្ខកង្វល់ជូនដល់បងប្អូនជាអតិថិជនរបស់ ក្រុមហ៊ុនជានិច្ច។

ព្រោះតែភាពងងឹតងងុល និងលទ្ធភាពរបស់ក្រុមហ៊ុននៅមានកម្រិត បូកផ្សំជាមួយនឹងភាព មិនអំណោយផលលើគោលវិធីនៃការសម្របសម្រួលដោះស្រាយផងនោះ ក្រុមហ៊ុនមិនទាន់បានឆ្លើយតបឲ្យ បានទាន់ពេលវេលា គោរពជូន ឯកឧត្តមស្នងការ និងស្ថាប័នផង ក្រុមហ៊ុនក៏ត្រូវបានជួបទៅនឹងវិបត្តិផ្ទួនៗយ៉ាង ធ្ងន់ធ្ងរជាលំដាប់។ ដើម្បីសមទៅនឹងទោសកំហុសដ៏គួរឲ្យអាសូរនេះ ក្រុមហ៊ុន សូមគោរពជម្រាបជូន ឯកឧត្តមស្នងការ និងសា្ថប័ន ព្រមទាំងសាធារណជនមេត្តាជ្រាបថា សូមកុំមានសេចក្តីមន្ទិលសង្ស័យលើ ឯកឧត្តមស្នងការ និងស្ថាប័ន ជាការផ្តើម ឬ បង្កហេតុនៃកំហុសនោះតទៅទៀត ព្រោះគ្រប់យ៉ាងគឺជាកំហុសខុសឆ្គងទាំងស្រុងរបស់ក្រុមហ៊ុនសុទ្ធសាធតែប៉ុណ្ណោះ។

ទោះក្រុមហ៊ុន នៅមានពេលវេលាតិចក្នុងការសុំទោសដោយផ្ទាល់នៅចំពោះមុខ ឯកឧត្តមស្នងការ និងសា្ថប័ន ក៏ក្រុមហ៊ុនត្រូវតែសម្រេចសុំទោសជាសាធារណៈទុកជាមុនឲ្យហើយ ក្រែងពុំមានឱកាសចុងក្រោយ។ ក្រុមហ៊ុន នៅតែសម្ដែងនូវការសោកស្តាយជាទីបំផុត និងសូមគោរពស្នើសុំការអភ័យទោសពី ឯកឧត្តមស្នងការ និងស្ថាប័ន ចំពោះផលប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ការគិតគូរសុខទុក្ខរបស់ប្រជារាស្ត្រ របស់ឯកឧត្តមស្នងការ និងស្ថាប័ន ដែលកើតមានឡើងដោយសារក្រុមហ៊ុនផង។

ប្រសិនបើ មានឱកាស និងមានវាសនា អ្នកឧកញ៉ាប្រធាន ហ៊ី គឹមហុង ប្រធានក្រុមហ៊ុនលោកត្រូវបាន ស្ថាប័នច្បាប់សម្រាលទោសកំហុស ហើយបានមកបំពេញភារកិច្ចដឹកនាំក្រុមហ៊ុនវិញបានទាន់ពេលវេលាក្រុមហ៊ុន ដំណើរទៅបានយ៉ាងរលូន ក្រុមហ៊ុននឹងគោរពស្នើសុំចូលជួបសម្តែងការគួរសម ឯកឧត្តមស្នងការ ដោយផ្ទាល់។»

បន្ទាប់ពីបានឃើញលិខិតនេះហើយ នៅព្រឹកថ្ងៃ១៥ ខែសីហា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានលើកឡើងឆ្លើយតបទៅវិញថា៖

«ខ្ញុំទទួលនូវការសុំទោសរបស់ក្រុមហ៊ុនពិភពដីមាស ហើយខ្ញុំក៏មិនដែលមានការគុំគួនអ្វីជាមួយក្រុមហ៊ុននោះដែរ ខ្ញុំគ្រាន់តែអនុវត្តទៅតាមតួនាទីភារៈកិច្ចនិងរកយុត្តិធម៌ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ។ ជាចុងក្រោយសូមក្រុមហ៊ុនរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងមានបញ្ហាជាមួយធនាគារអោយបានឆាប់ មិនមែនខ្ញុំទទួលនូវការសុំទោសហើយនិតិវិធីទៅតុលាការត្រូវបានបញ្ចប់នោះទេ ដរាបណាប្រជាពលរដ្ឋមិនទាន់មានដំណោះស្រាយពីក្រុមហ៊ុន និតិវិធីនូវតែបន្ត »៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post