Update: ក្រសួងកសិកម្ម ប្រកាសពីការចុះដកហូត និងឲ្យបំផ្លាញចោលត្រីដែលស៊ីសាច់ជាអាហារ ហើយហាមនាំចូល, ពលរដ្ឋអាចរាយការណ៍ទៅក្រសួងភ្លាម បើសិនមានការលួចនាំចូល
មហាជនកំពុងមានការព្រួយបារម្ភ ក្រោយពីឃើញហាងលក់ត្រីមួយកន្លែង ដែលមានទីតាំងនៅម្ដុំទឹកល្អក់៣ បាននាំចូលត្រី Piranha ដែលជាប្រភេទត្រីកាចសាហាវ ហើយសុីសាច់ស្រស់ជាអាហារ ក្នុងនោះសូម្បីតែសាច់មនុស្ស ក៏ត្រីប្រភេទនេះស៊ីផងដែរ។
បើតាមម្ចាស់ហាងដែលប្រើប្រាស់គណនីតិកតុកឈ្មោះ Heng Liza Liza បានបង្ហោះវីដេអូភ្ជាប់ជាមួយនឹងសំណេរថា «អាត្រីកំណាចស៊ីសាច់ស្រស់មកដល់ហើយ!» ក្នុងវីដេអូនោះ បង្ហាញពីត្រីប្រភេទនេះចំនួន៣កេះស្នោ និងខ្ចប់នូវត្រីប្រភេទនេះជាច្រើនក្រឡ ដោយក្នុងមួយក្រឡ គឺដាក់ត្រីបានតែមួយប៉ុណ្ណោះ។
ភ្ជាប់ជាមួយនឹងវីដេអូរូបភាព ម្ចាស់ហាងក៏បាននិយាយផងដែរថា ៖ «នេះ Piranha ខ្ញុំ អាត្រីស៊ីសាច់មនុស្សមកហើយណា នេះពូជថ្លៃមកដល់ហើយណា មើលតែការវេចខ្ចប់គេទៅដឹងហើយ...ទាល់តែវេចខ្ចប់បែបហ្នឹងទើបដឹកជញ្ជូនមកបាន...»។
ជុំវិញនឹងការបង្ហោះនេះ អ្នកលេងបណ្ដាញសង្គមជាច្រើនបានលើកឡើង និងចោទជាសំណួរសួរថា តើវាអាចមានហានិភ័យទៅថ្ងៃមុខដែរឬទេ? ប្រសិនជាត្រីប្រភេទនេះរួច ឬលែងចូលទៅក្នុង បឹង ព្រែក ទន្លេ...ហើយវាកើតបានជាកូន ពូនជាចៅ តើវាទៅជាយ៉ាងណា? ហើយពិសេសក្រសួងពាក់ព័ន្ធអនុញ្ញត្តិឱ្យនាំចូល និងឱ្យចិញ្ចឹមត្រីប្រភេទនេះដែរឬអត់?
បន្ទាប់ផ្ទុះការព្រួយបារម្ភចំពោះត្រីប្រភេទនេះ គណនីតិកតុកខាងលើក៏មិនបានបង្ហាញវីដេអូបន្តអំពីត្រីប្រភេទនេះជាថ្មីទៀតដែរ មិនដឹងថាត្រីនេះលក់អស់ហើយ ឬនៅនោះទេ ហើយម្ចាស់ហាងខាងលើនេះនឹងបន្តនាំចូលប្រភេទត្រីកាចសាហាវនេះមកទៀត ឬយ៉ាងណានោះដែរ ព្រោះត្រីនេះវាបង្កគ្រោះថ្នាក់ខ្លាំងនៅឯបរទេស៕