header ads

Sponsor

ដ្បិតមានវ័យនៅក្មេងក៏ពិតមែន តែតារាចម្រៀងប្រុស ទេព ពិសិដ្ឋ មានសមត្ថភាព និងទេពកោសល្យខាងផ្នែកចម្រៀងរ៉េបមិនចាញ់តារារៀមច្បងប៉ុន្មានឡើយ ។អ្វីដែលគួរឱ្យសរសើរបទចម្រៀងដែលកំពុងផ្ទុះខ្លាំងនៅក្នុងស្រទាប់យុវវ័យ«20 Out Now » ជាបទដែលលោកនិពន្ធដោយខ្លួនឯងដោយចំណាយពេលត្រឹមតែមួយយប់ប៉ុណ្ណោះ ។

មិនត្រឹម និពន្ធបទចម្រៀងដោយខ្លួនឯងប៉ុណ្ណោះទេអតីតម្ចាស់ពាននៅក្នុងកម្មវិធីThe Voice Cambodiaរដូវកាលទីមួយរូបនេះ ក៏បានសរសេរបទចម្រៀងឱ្យទៅលោក ជី ដេវីត ដែលមានចំណងជើងថា«នារីDior»ផងដែរ ។ មិនមែនលំៗទេ ទេព ពិសិដ្ឋ បានផ្តល់បទសម្ភាសនៅក្នុងកម្មវិធីមួយថាខ្លួនចូលចិត្តស្រឡាញ់វិស័យបទចម្រៀងរ៉េបតាំងពីអាយុ ១២ឆ្នាំមកម្លេះ។

អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះតារារ៉េបវ័យក្មេងរូបនេះកំពុងទទួលបានការគាំទ្រពីសំណាក់មហាជនតាមរយៈបទ«20 Out Now » ដែលជាស្នាដៃនិពន្ធរបស់លោកផ្ទាល់។ មិនទាន់មួយខែស្រួលបួលផងបទនេះទទួលបានការចុចចូលទស្សនាកម្សាន្តរហូតជាងបីលានដងនៅក្នុងឆាណែលយូធូបរបស់ ទេព ពិសិដ្ឋ ផ្ទាល់ ។

សម្រាប់បទនេះ តារាវ័យក្មេងរូបនេះបានប្រើពេលតែមួយយប់ប៉ុណ្ណោះ អាចនិពន្ធបទ«20 Out Now » បានដោយជោគជ័យ ។ មូលហេតុដែល ទេព ពិសិដ្ឋ ដាក់ចំណងជើងបែបនេះដោយសារក្រុមរបស់លោកទាំងបីនាក់សុទ្ធតែមានអាយុ ២០ឆ្នាំ ដូចគ្នា ។ ការលើកឡើងរបស់ ទេព ពិសិដ្ឋ បានធ្វើឱ្យអ្នកគាំទ្រផ្នែកតារាចម្រៀងរ៉េបមានការលាន់មាត់សរសើរពីសមត្ថភាពរបស់ ទេព ពិសិដ្ឋ គ្រប់គ្នា ។រហូតអ្នកខ្លះបានលើកឡើងថាប្រសិន ទេព ពិសិដ្ឋ ចាប់ដៃគូជាមួយរៀមច្បង វណ្ណដា មិនដឹងថាកក្រើកវិស័យចម្រៀងរ៉េបបែបណាទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post