រកឃេីញកុមារី អាយុ ៧ឆ្នាំ ឆ្លងជំងឺ ហ្ស៊ីកា ដែលមានអាសយដ្ឋានរស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នេះ បើយោងតាមការបញ្ជាក់ឱ្យដឹងពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។
កុមារីដែលបានឆ្លងជំងឺហ្សីកានេះ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨ម៉២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ ដោយរោគសញ្ញាដំបូង៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារីបានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។
លុះនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានយកវត្ថុវិភាគផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រ និងលទ្ធផលចេញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វិជ្ជមានហ្សីកា ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានគូសបញ្ជាក់ឱ្យដឹងថា ជំងឺហ្ស៊ីកា (Zika Virus) មេរោគ Zika ត្រូវបានចម្លងជាចម្បងដោយមូសប្រភេទ Aedes ដែលខាំភាគច្រើននៅពេលថ្ងៃ។ មនុស្សភាគច្រើនដែលមានការឆ្លងមេរោគ Zika មិនមានរោគសញ្ញាទេ។ អ្នកដែលមានរោគសញ្ញាជាធម្មតារួមមានកន្ទួល គ្រុនក្តៅ រលាកសន្លាក់ ឈឺសាច់ដុំ និងសន្លាក់ ឈឺក្បាល និងឈឺក្បាលដែលមានរយៈពេល 2-7 ថ្ងៃ។
ការឆ្លងមេរោគ Zika អំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យទារកកើតមកមាន microcephaly (ទារកក្បាលតូច) និងភាពមិនប្រក្រតីពីកំណើតផ្សេងទៀត ក៏ដូចជាការកើតមិនគ្រប់ខែ និងការរលូតកូន។
មន្រ្តីក្រុមឆ្លេីយតបបន្ទាន់គ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងចុះទប់ស្កាត់ការរីករាលដាល និងអង្គេតស្រាវជ្រាវរកប្រភពចម្លង ដេីម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
សូមបងប្អូនទាំងអស់បង្ការកុំឱ្យមូសខាំ ជាពិសេសកុមារតូច និងស្រ្តីមានផ្ទៃពោះនិងធ្វេីអនាម័យជុំវិញផ្ទះ ក្នុងករណីមានរោគសញ្ញាដូចខាងលេី សូមអញ្ជេីញទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥