header ads

Sponsor

បន្ទាប់ពីមានការផ្ទុះការលើកឡើងសារជាថ្មីនៅលើបណ្ដាញសង្គមទាក់ទងនឹងករណី​ថៃ​សង់​ប្រាសាទ​ ​ដែល​មាន​រចនា​បទ​ស្រដៀង​ ប្រាសាទ​អង្គរវត្ត​  ក្រសួង​វប្បធម៌​ និង​ វិចិត្រសិល្បៈ​ នៅល្ងាចថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ខេត្តបុរីរម្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ពាក់ព័ន្ធ ករណីនៃការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំ តាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។

ក្រសួងបានបន្តឱ្យដឹងថា ចំណាត់ការ កន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជានិងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ដើម្បី ចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅបានពិនិត្យឃើញថា សំណង់នៅមិនទាន់មានការសង់បន្ថែមនៅឡើយ។

ករណីនៃការបញ្ចូនអ្នកជំនាញចុះត្រួតពិនិត្យនិងចរចា គឺយើងមានជំហរច្បាស់លាស់ ក្នុងការ ទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលបានចម្លងអត្តសញ្ញាណជាតិរបស់យើង ដោយផ្អែកទៅលើសកម្មភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិ និងអន្តរជាតិក្នុងករណីដែលត្រូវប្រកាន់យក។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបថា កិច្ចការនេះក្រុមការងារក្រសួង វប្បធម៌និងវិចិត្រសិល្បៈនៅតែបន្តនីតិវិធីដោះស្រាយតាមជំនាញនិងការទូត។ ឆ្លៀតឱកាសនេះ ក្រសួង វប្បធម៌និងវិចិត្រសិល្បៈក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តស្រឡាញ់ ការគាំទ្រមោះមុតរបស់បងប្អូន និង ការចូលរួមផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយដែលជាជំនួយដ៏សំខាន់សម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌដ៏ថ្លៃថ្ល របស់យើង។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post