ក្នុងន័យរក្សាសុវត្ថិភាព របៀបរៀបរយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរ និង បង្កាទប់ស្កាត់រាល់សកម្មភាពប្រព្រឹត្តបទល្មើសផ្សេងៗក្នុងសង្គម ដែលបង្កឡើងដោយក្រុមក្មេងទំនើង រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដាក់ចេញនូវវិធានការចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ក្នុងសេចក្ដីណែនាំមាន៥ចំណុចដូចខាងក្រោម៖
១. ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួលទាំងអស់ មិនត្រូវអនុញ្ញាត ឱ្យអតិថិជនអាយុក្រោម ១៨ឆ្នាំ ចូលសម្រាក លើកលែងតែមានបងប្អូន ឬក្រុមគ្រួសារ ចូលសម្រាកជាមួយ
២.ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួលទាំងអស់ មិនត្រូវផ្តល់ជាជម្រក ឬឱកាសឱ្យជនល្មើស ធ្វើអាជីវកម្មផ្លូវភេទ ឬជួញដូរលើស្រ្តី និងកុមារ, ការលបលួចជួញដូរ រក្សាទុក និងប្រើប្រាស់ គ្រឿងញៀនបានដាច់ខាត ក្នុងករណីមានជនសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់ ជូនអាជ្ញាធរ មានសមត្ថកិច្ច
៣.ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ឬទីតាំងអាជីវកម្ម និងមិនអាជីវកម្មទាំងអស់ ត្រូវរាយការណ៍ អំពីវត្តមានជនបរទេស ដែលចូលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រង វត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថា ប្រព័ន្ធ FPCS (Foreigner Presence in Cambodia System) ។ ក្នុងករណីម្ចាស់ទីតាំងទាំងនោះ មិនរាយការណ៍តាម ការណែនាំខាងលើ មន្ត្រីជំនាញចុះត្រួតពិនិត្យនឹងធ្វើការផាកពិន័យយ៉ាងម៉ឺងម៉ាត់បំផុត តាមខ្លឹមសារ ប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ១៧៥០ ប.ក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ចំពោះបុគ្គលប្រព្រឹត្តល្មើស និងច្បាប់ស្តីពីអន្តោប្រវេសន្ត ព្រមទាំងអនុវត្តន៍វិធានការច្បាប់ផ្សេងៗទៀត
៤. រាល់ភ្ញៀវទាំងអស់ដែលចូលមកសំរាក ឬស្នាក់នៅ ម្ចាស់ទីតាំងត្រូវសុំថត អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីរក្សាទុកពេលមានបញ្ហាណាមួយ កើតឡើងជាយថាហេតុ
៥. អាជ្ញាធរមានសមត្ថកិច្ច នឹងចុះធ្វើរដ្ឋបាលចំហរ គ្រប់ទីតាំងខាងលើក្នុងករណីមានការសង្ស័យ ។
រដ្ឋបាលខេត្តកំពង់ស្ពឺ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំលើស្មារតី ចូលរួមសហការពីឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ទីតាំងអាជីវកម្ម និងមិនអាជីវកម្មទាំងអស់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។