header ads

Sponsor

ក្រោយពីអ្នកគ្រូបង្រៀនម្នាក់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង រអ៊ូរឿងផ្លូវពិបាកជិះទៅបង្រៀនសិស្ស ហើយក្នុងនោះប្រជាពលរដ្ឋក៏មានការរអ៊ូជាង១០ឆ្នាំហើយ ពេលនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានស្រាយបំភ្លឺថាមកពីអាកាសធាតុធ្វើឱ្យមានភ្លៀងធ្លាក់ជោគជាំ ពិបាកក្នុងការជួសជុលអំឡុងពេលនេះ ដោយក្រុមការងារមន្ទីរនឹងចុះទៅជួសជុលបន្ទាប់ពីអាកាសធាតុអំណោយផល។

ទំព័រហ្វេសបុក ឈ្មោះ ឈិន គឹមឡា បានលើកឡើងឱ្យដឹងថា៖ «ចង់ឱ្យមេភូមិ មេឃុំ...ជិះម៉ូតូមកបង្រៀនជាមួយខ្ញុំម្ដង មើលហាក់មិនពិបាក តែការពិត ពិតជាពិបាក ប្រជាពលរដ្ឋរអ៊ូជាង១០ឆ្នាំហើយ ហឹម!!! ស្រុកខ្ញុំពេលជិះម្ដងៗ សឹងតែបកក្រោយទៅផ្ទះវិញ តែដើម្បីសិស្ស គឺត្រូវតែទៅមុខ ទោះត្រូវរអិលដួលយ៉ាងណាក៏ដោយ ពេលខ្លះលួចយំ ហើយក៏លួច...តិចៗដែរ ទេវតាអើយ សុំផ្លូវ១ខ្សែមក ពិបាកជិះទៅបង្រៀនខ្លាំងណាស់! ភូមិ ព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្តបាត់ដំបង»។

ក្រោយពីឃើញការផ្សព្វផ្សាយនេះ ខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ មានកិត្តិយស សូមគោរពជម្រាបជូនបងប្អូន ប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបថា ៖ ថ្មីៗនេះមានការបង្ហោះក្នុងបណ្តាញសង្គម Facebook របស់ម្ចាស់គណនីឈ្មោះ ឈិន គឹមឡា ដែលមានខ្លឹមសារ "ចង់ឱ្យមេភូមិ មេឃុំ.......ជិះម៉ូតូមកបង្រៀនជាមួយ ខ្ញុំម្ដង មើលហាក់មិនពិបាក តែការពិត ពិតជាពិបាក ប្រជាជនរអ៊ូជាង១០ឆ្នាំហើយ ហ៊ឹម!!! ស្រុកខ្ញុំពេលជិះម្ដងៗ សឹងតែបកក្រោយទៅផ្ទះវិញ តែដើម្បីសិស្ស គឺត្រូវតែទៅមុខ ទោះត្រូវរអិលដួលយ៉ាងណាក៏ដោយ ពេលខ្លះ លួចយំ...តិចៗដែរ ទេវតាអើយ សុំផ្លូវ១ខ្សែមក ពិបាកជិះទៅបង្រៀនខ្លាំងណាស់! ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង” ។

មន្ទីរសូមធ្វើការស្រាយបំភ្លឺថា៖ យោងតាមការព្យាករអាកាសធាតុ មានប្រព័ន្ធសម្ពាធទាប មួយបានកើតឡើង អូសកាត់លើព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានភ្លៀងធ្លាក់ជោគជាំស្ទើរពេញ ផ្ទៃប្រទេស ក្នុងនោះខេត្តបាត់ដំបងក៏មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែរ ដែលធ្វើឱ្យក្រុមការងារពិបាក ក្នុងការជួសជុលអំឡុងពេលនេះ ។ ក្រុមការងារមន្ទីរនឹងចុះទៅធ្វើការជួសជុល ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអាកាសធាតុអំណោយផល ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន និង មានការយោគយល់ដល់ក្រុមការងារមន្ទីរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post