header ads

Sponsor

​ថ្នាក់​ដឹក​នាំ​មួយ​រូប​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាលកម្ពុជា ​និង​ជា​បញ្ញវន្ត​ខ្មែរ​មួយ​រូប​ដ៏​មាន​សក្ដានុពល​ ​ឯកឧត្តម​ ហ៊ុយ វណ្ណៈ បានធ្វើការចែករំលែក និងអំពាវនាវដល់ អ្នកផលិតមាតិកា អ្នកកាសែត អ្នកស្រាវជ្រាវ និងមន្ត្រីយុត្តិធម៌ គួររៀនសូត្រមុខវិជ្ជា “Human Subjects Protections” ដែលប្រែថា ក្រមសីលធម៌ «កិច្ចព្រមព្រៀង ដើម្បីការពារសិទ្ធិមនុស្ស និងតម្លៃមនុស្ស»។

ការលើកឡើងនេះបន្ទាប់ពីមានការផ្សព្វផ្សាយ ជជែកវែកញែកទាក់ទងនឹងការសម្ភាសន៍ប្អូនស្រី ដែលមានជំងឺខួរក្បាល ឬហៅថា មិនគ្រប់ទឹក ដែលឯកឧត្តមចាត់ទុកថា ការសម្ភាសន៍បង្ហោះធ្វើអាជីវកម្ម យក Views បែបនេះ ជារឿងហួសហេតុខ្លាំង ហើយបើមិនលុបវីដេអូនោះទេ លោកស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចប្រើអំណាចអាជ្ញា ចាត់ការតាមផ្លូវច្បាប់ ក្នុងនោះឯកឧត្តម ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់លើកឡើងនូវ៣ចំណុចយ៉ាងដូច្នេះថា៖

១/. កន្លងមក មានការអនុវត្តដោយឆ្គាំឆ្គងលើការបង្ហាញអត្តសញ្ញាណមនុស្ស ហើយមូលហេតុគឺប្រហែលដោយសារតែ «មិនបានដឹង និងមិនយល់» ដោយសារតែមិនបានឆ្លងកាត់ ការរៀនសូត្រក្នុងសាលារៀនឱ្យបានត្រឹមត្រូវ។ ជាក់ស្តែង មានអ្នកធ្វើមាតិកា សម្ភាសន៍ប្អូនស្រី ដែលមានជំងឺខួរក្បាល ឬហៅថា មិនគ្រប់ទឹក, ខ្លះសម្ភាសន៍កុមារ, អ្នកជំងឺវង្វេងវង្វាន់, អ្នកស្រវឹង… ដែលការពិត គឺគេមិនត្រូវធ្វើ បង្ហាញជាសាធារណៈបែបនេះទាល់តែសោះ។ វាបង្ហាញថា ជាទង្វើមិនដឹងខ្យល់ ហើយមិនដឹងថា នរណាដើរតួឱ្យចំ ដើម្បីកែលម្អ ក្រុមអ្នកធ្វើរឿងឆ្កួតៗនេះ?

២/. បើសួរនាំអ្នកជំងឺ គឺមានតែវេជ្ជបណ្ឌិតឯកទេស ដែលត្រូវសួរដើម្បីបម្រើឱ្យការព្យាបាលជំងឺ។ គេមិនសួរថតជាវីដេអូ បង្ហោះពេញបណ្តាញសង្គម ដើម្បីធ្វើអាជីវកម្ម យក Views បែបនេះទេ។ វាដូចជាហួសហេតុខ្លាំងណាស់! លុបវីដេអូចេញបាន ក៏លុបទៅ! ហើយបើមិនលុបទេ អាជ្ញាធរមានសមត្ថកិច្ចប្រើអធិបញ្ជា ឬអំណាចអាជ្ញា ចាត់ការតាមផ្លូវច្បាប់ទៅ។

៣/. ខ្ញុំមិនបន្តពន្យល់ទៀតទេ ដោយសុំអំពាវនាវដល់អ្នកកាសែត អ្នកស្រាវជ្រាវ អ្នកធ្វើមាតិកា រួមទាំងមន្ត្រីយុត្តិធម៌ គឺត្រូវតែឆ្លងកាត់វគ្គសិក្សា «Human Subjects Protections សូមហៅថា ក្រមសីលធម៌ ឬកិច្ចព្រមព្រៀង ដើម្បីការពារសិទ្ធិមនុស្សនិងតម្លៃមនុស្ស»។ បើមិនដូច្នេះទេ ជនប្រយោជន៍និយមខ្លះ បង្ហាញតម្លៃខ្មែរនៅលើបណ្តាញសង្គម អាក្រក់ហួសហេតុ មិនដឹងហៅពួកគេថាជាអ្វីទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post