header ads

Sponsor

ក្រោយពីផ្ទុះការបញ្ចេញមតិរបស់ នាយក្រឹម រឿងភេទទីបី ធ្វើឱ្យបាត់បង់ធនធានមនុស្សនោះស្រាប់តែស្រីស្អាត ខាត់ ណាចា ដែលជាប្អូនស្រីរបស់តារាពហុជំនាញ ខាត់ សុឃីម បានចេញមុខនិយាយលើកឡើងថារស់ជាខ្លួនឯងទើបមានក្តីសុខ ។ មិនតែប៉ុណ្ណោះ ខាត់ ណាចា ក៏បានចេញមុខអរគុណដល់បងស្រី ខាត់ សុឃីម និងក្រុមគ្រួសារដែលបានបើកចិត្តទូលាយទទួលយករូបនាងបែបនេះ ។

ខាត់ ណាចា ជាប្អូនស្រីរបស់ ខាត់ សុឃីម  តែនាងមិនបានជ្រើសយកអាជីពសិល្បៈដូចបងៗឡើយពោលនាងជាម្ចាស់ហាងសាឡនម្នាក់ ។ ក្រោយផ្ទុះរឿងភេទទីបីធ្វើឱ្យបាត់បង់ធនធាន មនុស្សដែល នាយក្រឹម បានលើកមកនិយាយនៅក្នុង Cambodia Got Talent ស្របតារាពហុជំនាញ ខាត់ សុឃីម ដែលជាគណកម្មាការនៅក្នុងកម្មវិធីមួយនេះបានបង្ហាញពីការយល់ចិត្តភេទទីបី ខណៈអ្នកនាងក៏មានប្អូនស្រីដែលមានលក្ខណៈបែបនេះ ។

ក្នុងនោះ ខាត់ សុឃីម បាននិយាយជាចំហថាដំបូងក្រុមគ្រួសារក៏ព្យាយាមទាញប្អូនស្រី ខាត់ ណាចា ដែរ តែប្អូនស្រីបាននិយាយថាបើឱ្យនាងរៀបការជាមួយមនុស្សប្រុសមានតែទទួលយកសាកសព ។​ដោយ សារបែបនេះទើបក្រុមគ្រសារសម្រេចបើកចិត្តទទួលយកចំណងស្នេហ៍ខុសធម្មជាតិ របស់ប្អូនស្រី ខាត់ ណាចា ។

ជាមួយគ្នានោះ ខាត់ ណាចា បានបង្ហាញការអរគុណដល់បងស្រី ខាត់ សុឃីម ដោយបានលើកឡើងថា «បងស្រីខ្ញុំនិយាយត្រូវ ពួកយើងខំធ្វើការណាស់មិនដែលធ្លាប់ធ្វើអាក្រក់ដាក់នរណាម្នាក់ឡើង សូមបងប្អូនរៀនបើកចិត្ត»។ មិនតែប៉ុណ្ណោះស្រីស្អាត ខាត់ ណាចា បានបន្ថែមថារស់នៅជាខ្លួនឯងទើបមានក្តីសុខ តែយ៉ាងណានាងក៏មិនបំណងលើកទឹកចិត្តឱ្យប្អូនៗកូនក្មួយយកគំរូតាមខ្លួនដែរព្រោះការធ្វើបែបនេះត្រូវប្រឈមគ្រប់យ៉ាងមិនថាគ្រួសារ និងសង្គមទាល់តែរឹងមាំទើបរស់នៅបានមិនមែនធ្វើឱ្យសប្បាយឬជោរតាមគ្នានោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post