សម្រាប់ការប្រឡងចម្រៀងលំដាប់ពិភពលោកThe Voice Cambodiaរដូវកាលទីបីនេះបានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងដោយសារម្ចាស់ពានបានធ្លាក់ទៅលើកបេក្ខនារីវ័យ ១៦ឆ្នាំ លឹម សេរីហានីកា ។ អ្វីដែលចាប់អារម្មណ៍នោះបេក្ខនារីរូបនេះបានទទួលប៊ូតុងតែមួយប៉ុណ្ណោះនៅក្នុងវគ្គBlind Audition ពីតារាចម្រៀង ពេជ្រ សោភា ជាគណកម្មាការ ។
ជឿជាក់ថាអ្នកគាំទ្រនៅក្នុងកម្មវិធីប្រឡងចម្រៀងThe Voice Cambodiaរដូវកាលទីបីនេះ ពិតជាបានជ្រាបច្បាស់ហើយថាបេក្ខជននិងបេក្ខនារីនៅក្នុងកម្មវិធីរដូវកាលលើកនេះសុទ្ធតែមានសមត្ថភាពខ្លាំងៗ ។ ប៉ុន្តែអ្វីដែលកត់សម្គាល់ម្ចាស់ពាននៅក្នុងរដូវកាលនេះបែរជាបានទៅលើកញ្ញា លឹម សេរីហានីកា ដែលមិនត្រឹមតែមានវ័យក្មេងប៉ុណ្ណោះទេ ថែមទាំងទទួលបានការកៅអីតែមួយពីតារាចម្រៀង ពេជ្រ សោភា ។ អាចនិយាយបានថាមួយកៅអីរបស់តារាចម្រៀង ពេជ្រ សោភា បានកែប្រែវាសនា លឹម សេរីហាននីកា ពីក្មេងស្រីម្នាក់មកជាម្ចាស់ពាននិងត្រៀមក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសថែមទៀត ។
ដ្បិតទទួលបានមួយកៅអីក៏ពិតមែន តែបេក្ខនារី លឹម សេរីហានីកា ក៏មានសមត្ថភាពនិងសំឡេងមិនធម្មតាដែរក្រោយឆ្លងកាត់ការហ្វឹកហាត់នឹងការណែនាំពីសំណាក់គ្រូបង្វឹកតារាចម្រៀង ពេជ្រ សោភា ជាច្រើនសប្តាហ៍កន្លងមក ។នេះក៏ជាលើកដំបូងដែលកូនក្រុម របស់ ពេជ្រ សោភា មានឱកាសក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀងមួយនេះបន្ទាប់ពីតារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ ។
មានការលើកឡើងពីសំណាក់មហាជនជាអ្នកតាមដាននៅក្នុងកម្មវិធីនេះថាបេក្ខភាពTOP4 នៅក្នុងកម្មវិធីThe Voice Cambo dia រដូវកាលទីបីនេះសុទ្ធតែអ្នកមានសមត្ថភាពខ្លាំងនឹងអាចច្រៀងបានគ្រប់ទម្រង់ ដូច្នេះមិនថានរណាក្លាយជាម្ចាស់ពានសុទ្ធតែស័ក្តិសមទាំងអស់៕