មិនចាញ់ក្រមុំៗប៉ុន្មានឡើយបើទោះធ្លាប់បរាជ័យជិវិតគូចំនួនពីរដងរួចមកហើយក្តី តែតារាសម្តែងរូបស្រស់ លី ម៉ារីណា នៅតែជឿជាក់ចំពោះការសម្រេចចិត្តរបស់ខ្លួន។ តួយ៉ាងក្រោយពីមើលចិត្តថ្លើមគ្នាមួយរយៈពេលនេះតារាសម្តែងរូបនេះក៏បានដឹកដៃគូដណ្តឹងជាបុរសពោះម៉ាយ លោក ទៀង ច័ន្ទសារ ចូលរោងការនៅក្នុងថ្ងៃទី ១២ ខាងមុខនេះ ។
ពេលនេះអ្នកនាង លី ម៉ារីណា បានគិតគូររួចរាល់អស់ហើយសម្រាប់ពិធីពិសេសរបស់ខ្លួនពោលត្រៀមតែបន្ទំសម្រស់ធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតនៅក្នុងថ្ងៃមង្គលដែលនឹងឈានចូលមកដល់នៅបួនថ្ងៃខាងមុខនេះ ។ ពិធីមង្គលការជាលើកទីបីរបស់តារាសម្តែង លី ម៉ារីណា ក៏គ្រោងនឹងរៀបចំអធិកអធមគួរសម ដែលតាមការបង្ហើបកន្លងមកអ្នកនាងជ្រើសយកការតុបតែងខ្លួននៅកញ្ចប់ពិសេសដែលមានតម្លៃគួរសមទៀតផង ។
ពិធីមង្គលរបស់អ្នកនាង លី ម៉ារីណា នឹងរៀបចំឡើងនៅក្នុងថ្ងៃទី ១២ខាងមុខនេះនៅមជ្ឈមណ្ឌលសន្និបាតនិងពិរពណ៌អន្តរជាតិជ្រោយចង្វារអាគារC។ បើតាមការលើកឡើងពីសំណាក់អ្នកសិល្បៈដែលជិតដិតជាមួយអ្នកនាង លី ម៉ារីណា បានឱ្យដឹងថាពិធីមង្គលរបស់តារាសម្តែងរូបស្រស់សាច់សខ្ចីរូបនេះនឹងធ្វើឡើងជាលក្ខណៈហ៊ឹកហ៊ាក់ព្រោះទាំងរូបអ្នកនាងនិងអនាគតស្វាមីសុទ្ធតែជាអ្នកមានមុខមាត់នៅក្នុងសង្គម ។
ដំណឹងមង្គលរបស់អ្នកនាង លី ម៉ារីណា ក៏ទទួលបានការត្រេកអនិងជូនពរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន ។ ក្នុងនោះក៏មានការលើកឡើងថា អ្នកនាងនីងគូស្នេហ៍លោក ច័ន្ទសារ ស័ក្តិសមគ្នាទាំងព្រមមិនថាសម្រស់និងវ័យនោះទេ ។ ខ្លះទៀតសរសើរដល់តារាសម្តែង លី ម៉ារីណា ដែលនៅតែមិនភ្លេចប្រពៃណីខ្មែរបើទោះធ្លាប់រៀបការពីរដងទៅហើយ តែអ្នកនាងនៅតែជ្រើសរើសការចូលរោងជ័យមិនដូចតារាខ្លះជ្រើសរើសការរស់នៅតាមបែបបស្ចឹមប្រទេស ។ គួរបញ្ជាក់ថានេះជាអាពាហ៍ពិពាហ៍លើកទីបីរបស់អ្នកនាង លី ម៉ារីណា បន្ទាប់ពីបរាជ័យជាមួយអតីតស្វាមីឯកឧត្តម ទិត ថាវរិទ្ធ និងលោក សាត ចាន់ថន ជាអណិកជនរស់នៅសហរដ្ឋអាមេរិកដោយបន្សល់ទុកនៅក្នុងប្រុសមួយជាចំណងដៃដែលបច្ចុប្បន្នកំពុងរស់នៅក្រោមការមើលថែទាំពីសំណាក់អ្នកនាងជាម្តាយ៕