ក្រៅពីទទួលស្គាល់ថាខ្សែភាពយន្តរឿង«ម៉ែក្រឡាភ្លើង»មិនទទួលជោគជ័យនៅក្នុងការចាក់បញ្ចាំងនៅប្រទេសថៃ តែលោកស្រី ប៊ុន ចាន់និមល បានប្រាប់ថាមិនបាក់ទឹកចិត្តទេព្រោះមិនមែនជាលើកដំបូងដែលបរាជ័យឡើយ។ ក្នុងនោះដែរប្រទេសផ្សេងក៏បានពេញចិត្តចំពោះរឿងនេះ នឹងបានផ្តល់ប្រាក់មុនការបញ្ចាំងថែមទៀត ។
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានដឹងហើយថាខ្សែភាពយន្តរឿង «ម៉ែក្រឡាភ្លើង» ត្រូវបានលោកស្រី ប៊ុន ចាន់និមល ដែលជាស្ថាបនិកផលិតកម្ម Sastra Film បាននាំយកទៅចាក់បញ្ចាំងនៅប្រទេសថៃកាលពីប៉ុន្មានថ្ងៃមុននេះក្រោយអាក់ខានជាច្រើនឆ្នាំហើយនេះក៏ជាការបើកទំព័រលើកដំបូងរបស់ភាពយន្តខ្មែរនៅប្រទេសមួយនេះ។ប៉ុន្តែជាលទ្ធផលការចាក់បញ្ចាំងខ្សែភាពយន្តនេះមិនទទួលជោគជ័យនោះទេដោយយុវវ័យនៅប្រទេសថៃបានធ្វើពហិការមិនមកទស្សនាខ្សែភាពយន្តនេះដូចការរំពឹងទុក ។
បើតាមការលើកឡើងរបស់លោកស្រី ប៊ុន ចាន់និមល បានទទួលស្គាល់ថារឿង«ម៉ៃក្រឡាភ្លើង»ពិតជាការបរាជ័យពិតមែន។មូលហេតុដោយសារខាងប្រទេសថៃមិនឱ្យម៉ោងចាក់ទៅតាមអ្វីដែលលោកស្រីបានរំពឹងទុក។លោកស្រី ប៊ុន ចាន់និមល បានទទួលស្គាល់ថាពិតជាមិនស្មើភាពរវាងប្រទេសដែលមានទីផ្សារសេរី និងសហប្រតិបត្តិការជាមួយគ្នា។លោកស្រីបានបន្តថាការផ្តល់ការចាក់បញ្ចាំងរឿង «ម៉ែក្រឡាភ្លើង»មានប្រមាណ២០ទីតាំងហើយជាតំបន់ដែលមិនជាទីពេញនិយមច្រើនពីអ្នកមើលភាពយន្ត ។មិនតែប៉ុណ្ណោះក៏មានការខមិនមិនឱ្យមានការទៅទស្សនារឿងនេះទៀតផង។
ស្ថាបនិកផលិតកម្ម Sastra Film រូបនេះបានឱ្យដឹងថាមូលហេតុលោកស្រីយកភាពយន្តខ្មែរទៅចាក់បញ្ចាំងនៅប្រទេសថៃដោយសារកន្លងមករឿងនៅ Sastra Film ត្រូវបានលក់សិទ្ធយកទៅចាក់បញ្ចាំងនៅប្រទេសអាស៊ីជាច្រើន។ ក្រៅពីទទួលបានការគោរពល័ក្ខខណ្ឌពីសំណាក់ដៃគូចែកចាយភាពយន្តហើយក៏មិនមានសម្ពាធអ្វីដែរ ។ ដោយសារបែបនេះទើបលោកស្រីមិនចង់មើលរំលងប្រទេសភូមិផងរបងជាមួយនឹងចង់មានចំណងមេត្រីភាពជាមួយគ្នា តែបែរជាមានរឿងបែបនេះសោះ។ទោះបីមិនទទួលជោគជ័យនៅក្នុងការចាក់បញ្ចាំងរឿង«ម៉ែក្រឡាភ្លើ ង» នៅប្រទេសថៃក៏ពិតមែន តែលោកស្រី ប៊ុន ចាន់និមល បានប្រាប់ថាលោកស្រីមិនបានបាក់ទឹកចិត្តអ្វីឡើយព្រោះមិនមែនជាលើកទីមួយដែលលោកស្រីជួបរឿងបែបនេះទេ ។ មួយវិញទៀតរឿង «ម៉ែក្រឡាភ្លើង» ក៏ត្រូវបានប្រទេសផ្សេងពេញចិត្តនិងស្វាគមន៍ដោយថែមទាំងផ្តល់ប្រាក់មុនការចាក់បញ្ចាំងផងដែរ៕