ក្រោយពីទន្ទឹងរង់ចាំអស់មួយរយៈពេលនេះបទចម្រៀងរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ពេជ្រ សោភា និងសិស្សប្អូនបីរូបដែលមានចំណងជើងថា «យក្សយំ»កំពុងទទួលបានការចាប់អារម្មណ៍និងចុចចូលទស្សនាពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន។ យ៉ាងណាមិញក្នុងរយៈពេលតែពីរថ្ងៃប៉ុណ្ណោះបទនេះមានអ្នកចុចចូលទស្សនាជាងមួយលានដងទៅហើយ ។
មួយរយៈចុងក្រោយនេះគេមិនសូវឃើញបទចម្រៀងនៅក្នុងផលិតកម្មហង្សមាសផ្ទុះការគាំទ្រខ្លាំងនោះទេ តែសម្រាប់បទ MV«យក្សយំ» របស់តារាចម្រៀង ពេជ្រ សោភា និងលោក ថុល សុភិទិ នាង ដាវីន ស៊ឹម ច័ន្ទពន្ទឺ កំពុងផ្ទុះកក្រើកដោយមានហ្វេន ហ្វេន លាន់មាត់សរសើរគ្រប់គ្នា ។ ដោយសារបទនេះមានចង្វាក់បែបសប្បាយៗសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងឈានមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ។
មិនតែប៉ុណ្ណោះក៏មានការចូលរួមសម្តែងពីសំណាក់តារាកំប្លែងជើងចាស់ នាយកុយ និងនាយក្រឹម ផងដែរ ។ដោយសារ MV មានភាពទាក់ទាញបែបកំប្លុកកំប្លែងនិងចង្វាក់បែបសប្បាយៗនោះបានធ្វើឱ្យបទនេះមានការទាក់ភ្នែកនិងផ្ទុះខ្លាំងដែលធ្វើឱ្យមានអ្នកចុចចូលទស្សនាជាងមួយលានដងទៅហើយ ។
សម្រាប់បទនេះដែរក៏ជានិពន្ធបទភ្លេងនិងទំនុកច្រៀងដោយតារាចម្រៀង ពេជ្រ សោភា ផងដែរ ។ ហ្វេន ហ្វេន ជាច្រើនសុទ្ធតែលាន់មាត់ថាទោះមានវ័យច្រើន តែនៅពេលច្រៀងរួមគ្នាជាមួយសិស្សប្អូនទាំងបីររូបមើលទៅ ពេជ្រ សោភា ពិតជាស័ក្តិសម និងប្លែកភ្នែកជាខ្លាំង ។ ក្នុងនោះក៏មានការរំពឹងថាបទ«យក្សយំ» នឹងជាទីពេញចិត្តសម្រាប់បងប្អូនពលរដ្ឋខ្មែររាំលេងកម្សាន្តនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងប្រព្រឹត្តទៅនៅកំឡុងពាក់កណ្តាលខែមេសាខាងមុខនេះ៕