ផ្ទុះការភ្ញាក់ផ្អើលនិងរន្ធត់ចិត្តគ្រប់គ្នាក្រោយបានដឹងដំណឹងថាស្វាមីអ្នកជំនួញល្បីឈ្មោះ មាស ច័ន្ទដាលីន បានទទួលមរណភាពហើយ។ ព័ត៌មានមួយនេះបានធ្វើឱ្យមហាជនជាអ្នកលេងបណ្តាញសង្គមក៏ដូចជាអ្នកជំនួញអនឡាញនិងតារាក្នុងសិល្បៈបានបង្ហាញការស្លុតចិត្តនិងចូលរួមរំលែកទុក្ខចំពោះអ្នកជំនួញអនឡាញ មាស ច័ន្ទដាលីន គ្រប់គ្នា ។
អ្នកជំនួញ មាស ច័ន្ទដាលីន ត្រូវបានគេស្គាល់ថាជាអគ្គនាយិកាក្រុមហ៊ុនឡាកាម៉ូ ដែលជាក្រុមហ៊ុនមួយល្បីល្បាញនៅក្នុងពិភពអនឡាញ ។ អ្វីដែលចាប់អារម្មណ៍លោកស្រីទើបប្រារព្ធពិធីខួបអាពាហ៍ពិពាហ៍ ១៨ឆ្នាំជាមួយស្វាមីកាលពីពេលថ្មីៗ។ ប៉ុន្តែមិនបានប៉ុន្មានផង លោកស្រី បែរជាជួបទុក្ខធំត្រូវព្រាត់ស្វាមីជាទីស្រលាញ់ទាំងមិនមានថ្ងៃជួប ។
មិនទាន់មានការទម្លាយពីមូលហេតុច្បាស់លាស់ពីសំណាក់ការបាត់បង់ជីវិតរបស់ស្វាមីលោកស្រី មាស ច័ន្ទដាលីន ពីសំណាក់ក្រុមគ្រួសារឡើយ ។ ប៉ុន្តែបើតាមការជជែកឆ្លើយឆ្លងនៅក្នុងសារចូលរួមរំលែ កទុក្ខរបស់តារាក្នុងសិល្បៈបាននិយាយថាមូលហេតុនៃការស្លាប់របស់ស្វាមីលោកស្រី មាស ច័ន្ទដាលីន ដោយសារចោរប្លន់កាលពីថ្ងៃទី ១០ ម្សិលមិញ ។ ជនរងគ្រោះបានបាត់បង់ជីវិតនៅក្នុងផ្ទះដែលស្ថិតនៅសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ។
ទោះបីជាយ៉ាងណាមិនទាន់មានការស្រាយបំភ្លឺពីសំណាក់ក្រុមគ្រួសារនៃសព ក៏ដូចជាសមត្ថកិច្ចចំពោះរឿងមួយនេះជាសាធារណៈឡើយ ។ ដូចដឹងស្រាប់ហើយថាលោកស្រី មាស ច័ន្ទដាលីន គឺជាអ្នកជំនួញអនឡាញដែលមានប្រជាប្រិយភាពម្នាក់ហើយលោកស្រីក៏បានចូលរួមនៅក្នុងការងារសង្គមជាច្រើនផងដែរ ។ ជាមួយនឹងការបាត់បង់ស្វាមីរបស់អគ្គនាយិកាក្រុមហ៊ុនឡាកាម៉ូក៏មានការចូលរួមរំលែកទុក្ខនិងសោកស្តាយពីសំណាក់មហាជនទាំងក្នុងនិងក្រៅសិល្បៈជាច្រើន៕