header ads

Sponsor

ខណៈការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បៈថ្មីត្រៀមនឹងចាប់ផ្តើមនៅក្នុងថ្ងៃទី ០២ ឧសភា ខាងមុខនេះដោយមានបេក្ខភាពឈរឈ្មោះជាប្រធានសមាគមសិល្បៈចំនួនបីរូប។ តា រាចម្រៀង ម៉េង កែវពេជ្ជតា បានបង្ហាញការងឿងឆ្ងល់និងចោទជាសំណួរថាហេតុអ្វីការចុះឈ្មោះអ្នកបោះឆ្នោតគ្រប់ចំនួនមុនថ្ងៃ តែហេតុអ្វីក្នុងថ្ងៃប្រកាសអញ្ជើញអ្នកសិល្បៈចុះឈ្មោះមិនបានបញ្ជាក់រឿងនេះ។ ចម្ងល់របស់តារាចម្រៀង ម៉េង កែវពេជ្ជតា ត្រូវបានប្រធានសមាគមសិល្បៈ ចន ច័ន្ទលក្ខិណា រុញទៅឱ្យអ្នកផ្សេងក្នុងការបកស្រាយ ។

គេចាំបានថាប្រធានសមាគមសិល្បៈខ្មែរបានចេញសេចក្តីប្រកាសឱ្យសិល្បករការិនីខ្មែរដែលមានបំណងចុះឈ្មោះបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បៈថ្មីឱ្យមកចុះឈ្មោះយក     ប័ណ្ណសម្រាប់បោះឆ្នោតពីថ្ងៃប្រកាសទី ១៩ រហូតដល់ថ្ងៃទី ៣០ មេសា។ ប៉ុន្តែត្រឹមរយៈពេល០៥ថ្ងៃប៉ុណ្ណោះពោលនៅថ្ងៃទី ២៣ សមាគមសិល្បករក៏បានបញ្ចប់ការចុះឈ្មោះទទួលប័ណ្ឌបោះឆ្នោតក្រោយទទួលបានអ្នកចូលរួមបោះឆ្នោះ ៦០០នាក់មុនកាលកំណត់ ។ 

ដោយសាររឿងនេះបានធ្វើឱ្យតារាចម្រៀង ម៉េង កែវពេជ្ជតា បានបង្ហាញការងឿងឆ្ងល់ដោយបានចេញមុខឡាយវីដេអូកាលពីថ្ងៃទី ២៧ កន្លងទៅនេះដោយបានលើកឡើងថា អ្នកនាងក៏បានដឹងពីសេចក្តីប្រកាសនេះដែរ តែដោយសារមមាញឹកការងារគិតថាចាំកៀកចាំទៅចុះឈ្មោះបោះឆ្នោត តែមិនទាន់ដល់ថ្ងៃផុតកំណត់ផងក៏មានអ្នកសិល្បៈម្នាក់ប្រាប់ថាគេឈប់ទទួលចុះឈ្មោះព្រោះគ្រប់ចំនួន៦០០នាក់ហើយទាំងអ្នកសិល្បៈទាំងអស់មានមិនតិចជាង ៥ពាន់នាក់ទេ ។ អ្វីដែលជាចម្ងល់ខ្លាំងសម្រាប់តារាចម្រៀងសំឡេងផ្អែមរូបនេះត្រង់ថាហេតុអ្វីពេលប្រកាសឱ្យសិល្បករការិនីទៅចុះឈ្មោះលើកទីមួយមិនបញ្ជាក់ទាល់ តែគ្រប់មុនកាលកំណត់ទើបបញ្ជាក់ទៅវិញ ។

សម្រាប់ការងឿងឆ្ងល់របស់តារាចម្រៀង ម៉េង កែវពេជ្ជតា អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមចាស់ដែលត្រៀមនិងបញ្ចប់នៅក្នុងពេលប៉ុន្មានថ្ងៃនេះបានចេញសារតបវិញថា «ញុំសូមជម្រាបជូនលោកស្រី ម៉េង កែវពេជ្ជតា ចំពោះសំណួរ និង ចំងល់របស់លោកស្រី ខ្ញុំទុកតួនាទីជូន ឯកឧត្តមប្រធានគណកម្មការដែលជាតំណាងក្រសួងវប្បធម៌ និង គណកម្មការចម្រុះក្នុងការរៀបចំការបោះឆ្នោតជាអ្នកបកស្រាយ ព្រោះ កិច្ចការងារដំណើរការបោះឆ្នោត គឺ សមាគមត្រឹមតែជាអ្នកសម្របសម្រួលកិច្ចការងារដំណើរការបោះឆ្នោតដែលតម្រូវការតាមគណកម្មការ និង សម្រេចតាមពួកគាត់ ។សូមអរគុណ»។
ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បៈថ្មីនឹងធ្វើឡើងនៅក្នុងថ្ងៃទី ០២ ឧសភា ខាងមុខនេះហើយបេក្ខភាពដែលឈរឈ្មោះមានចំនួន០៣រូបរួមមានអតីតតារាសម្តែងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង លោក គួច ខេវិន និងលោក ផាត់ តារា    រដ្ឋ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post