ក្រោយពីបុរសស្ត្រីពីររូបជាគូដណ្តឹងនិងគ្នាហើយក៏ជាអ្នកបម្រើសេវាកម្មផ្នែកថតរូបដែលមានឈ្មោះថា Stellar Pictures បានទទួលមរណភាពនៅក្នុងករណីបាញ់សម្លាប់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះដោយសារទំនាស់ពាក្យសម្តីជាមួយអ្នកជិតខាងរឿងព្រំដី និងស្នួលហាលខោអាវ។អ្វីដែលកត់សម្គាល់ក្រោយបុរសស្រ្តីវ័យក្មេងទាំងពីរបានទទួលមរណភាពលោក ដួង ឆាយ បានលាន់មាត់ទាំងរំជួលចិត្តថាពិភពលោកនេះពិតជាមានស្នេហ៍ស្មោះពិតមែន។
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជាច្រើនពិតជារន្ធត់ចិត្តជាខ្លាំងក្រោយពីបានឃើញហេតុការណ៍បាញ់សម្លាប់ដោយសារជម្លោះរឿងស្នួលហាលខោអាវដែលបណ្តាលឱ្យមនុស្សពីរនាក់បានស្លាប់និងម្នាក់ទៀតរងរបួសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ បើតាមរៀបរាប់ពីសំណាក់បុគ្គលិកម្នាក់នៅក្នុងហេតុការណ៍នេះបានប្រាប់ថាក្រោយពីបានឃើញខ្មាន់កាំភ្លើងជាជនដៃដល់បានបាញ់សម្លាប់បុរសជាគូដណ្តឹង ខាងស្ត្រីបានរត់ទៅឱបក្នុងគោលបំណងឱ្យបញ្ឈប់សកម្មភាពមួយនេះតែត្រូវជនដៃដល់បាញ់ស្រោចទៅលើរហូតរងរបួសធ្ងន់ធ្ងរនឹងត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពទ្យ តែជាអកុសលខាងស្រ្តីរងគ្រោះក៏បានបាត់បង់ជីវិត ។ អ្វីដែលគួរឱ្យអាសូរនោះជនរងគ្រោះដែលបានបាត់បង់ជីវិតទាំងពីររូបនេះគ្រោងនឹងចូលរោងការតាមប្រពៃណីខ្មែរនៅក្នុងខែតុលាខាងមុខនេះក្រោយពួកគេបានភ្ជាប់ពាក្យកាលពីអំឡុងចុងឆ្នាំ ២០២៣មក ។
ហេតុការណ៍ដ៏គួរឱ្យរន្ធត់និងសោកសៅនេះបានធ្វើឱ្យលោក ដួង ឆាយ ដែលជាបុគ្គលល្បីនៅក្នុងបណ្តាញសង្គមបានបង្ហោះសាររៀបរាប់ថា«នៅពេលដែលគេបាញ់មនុស្សដែលខ្លួនស្រលា ញ់ដួល ប្អូនស្រីបានរត់ទៅឱបការពារមនុស្សដែលខ្លួនស្រលាញ់។ ហើយក៏ត្រូវឃាតករបាញ់ប្អូនស្រីបន្ថែមទៀត ក្តីស្រលាញ់ដែលមិនខ្លាចគ្រាប់កាំភ្លើង ដែលប្អូនស្រីមិនបានរត់ចោលមនុស្សគាត់ស្រឡាញ់នោះទេសុខចិត្តកំដរគ្នាលុះដង្ហើមចុងក្រោយ ដែលត្រូវជិតដល់ថ្ងៃចូលរោងជ័យឆាប់ខាងមុខនេះទៀត។ បងសូមជូនពរឱ្យវិញ្ញាណក្ខន្ធប្អូនទាំងពីរបានទៅកាន់សុខគតិភពផងចុះ។ សេចក្តីស្រលាញ់របស់ប្អូនទាំង ២ ពិតជាបានធ្វើអោយពិភពលោកនេះរំជួញចិត្តថាពិភពលោកនេះពិតជាមានស្នេហ៍ស្មោះ»។
គួរឱ្យដឹងថាករណីបាញ់សម្លាប់នេះកើតឡើងនៅរសៀលម៉ោង ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះនៅក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញដែលឃាតករមានឈ្មោះថា ស្រី ស៊ីណា ដែលមានគោរមងារជាឧកញ៉ាផងដែរ។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យដែលជាខ្មាន់កាំភ្លើងបានឱ្យដឹងថា មុននឹងឈានដល់ការបាញ់សម្លាប់នេះដោយសារបានទាស់ពាក្យសម្តីគ្នាហើយខាងជនរងគ្រោះបានប្រើពាក្យមិនសមរម្យមកលើខ្លួនជាមនុស្សចាស់ទើបធ្វើឱ្យមានកំហឹងហើយក៏បានសម្រេចចិត្តដកកាំភ្លើងបាញ់តែម្តង៕