header ads

Sponsor

ថ្មីៗនេះលោក តាន់ គឺមសួរ ដែលត្រូវគេស្គាល់ថាជាសកម្មជនដែលស្រឡាញ់ព្រៃឈើម្នាក់នោះបានចេញមុខលើកឡើងដោយមិនលាក់លៀមថាលោកពិតជាខ្លាចគុកណាស់ ។សម្រាប់ការស្រឡាញ់ធម្មជាតិរបស់លោកក៏នៅមានកម្រិតព្រោះលោកមិនអាចកាច់ចង្កូតឡានដែលកំពុងលឿនទៅតាមទិសចង់បានឡើយ ។

គួរឱ្យដឹងថាក្រោយពីសកម្មជនចលនាមាតាធម្មជាតិចំនួន១០នាក់ រួមទាំងលោក អាឡិច ហ្គន់សាឡេសដេវិតសុន ដែលជាស្ថាបនិកអង្គការចលនាមាតាធម្មជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមកាត់ទោសចន្លោះពី៦ឆ្នាំទៅ៨ឆ្នាំកាលពីថ្ងៃទី២ ម្សិលមិញនេះហើយសកម្មជន ០៤រូបទៀតត្រូវបានចាប់ខ្លួនភ្លាមៗនៅក្រោយប្រកាសសាលក្រម។ 

ក្នុងនោះក៏មានការប្រៀបធៀបសកម្មជនចលនាមាតាធម្មជាតិទាំងនោះជាមួយលោក តាន់ គឹមសួរ ដោយមានអ្នកខ្លថែមទាំងបញ្ចេញទស្សនៈបែបឌឺដងថែមទៀត ។ ក្នុងនាមជាអ្នកស្រឡាញ់ព្រៃឈើម្នាក់ដែលតែងបង្ហាញសកម្មភាពជាច្រើនរួមជាមួយនឹងឧបសគ្គកន្លងមកនោះលោក តាន់ គឹមសួរ ក៏បានលើកឡើងជុំវិញការប្រៀបធៀបមួយនេះ។

ភ្ជាប់ជាមួយរូបភាពសកម្មជនចលនាមាតាធម្មជាតិ លោក តាន់ គឹមសួរ បានរៀបរាប់ថា «ខ្ញុំសង្កេតឃើញថាពួកគាត់ពិតជាមានភាពក្លាហាន មានឆន្ទៈមោះមត់ និងមានសេចក្ដីស្រលាញ់ចំពោះធនធានធម្មជាតិខ្លាំងជាងខ្ញុំឆ្ងាយណាស់ ខ្ញុំខ្លាចគុកណាស់។ ខ្ញុំពិតជាមិនដឹងថារឿងរ៉ាវនៅពីក្រោយអ្វីខ្លះទេដែលបណ្ដាលឲ្យពួកគាត់ជាប់ទោសបែបនេះ។ 

ជារឿងសោកស្ដាយមួយដែលពួកគាត់មិនមានសេរីភាពក្នុងការបញ្ចេញមតិបន្តទៀតបាន។សេចក្ដីស្រលាញ់ ការខ្វាយខ្វល់ចំពោះសម្បត្តិធនធានធម្មជាតិរបស់ខ្ញុំគឺមានកម្រិតរបស់ខ្ញុំ ខ្ញុំមានតែខ្លួនមួយ ខ្ញុំសូមធ្វើតាមលទ្ធភាពដែលខ្ញុំអាចធ្វើទៅរួច ខ្ញុំមិនអាចចាប់កាច់ចង្កូតឡានដែលកំពុងតែលឿនទៅតាមទិសដែលខ្ញុំចង់ទៅមួយរំពេចបានទេ វាអាចបណ្ដាលឲ្យកើតមានគ្រោះថ្នាក់។

សូមបងប្អូនមួយចំនួនឈប់រុញច្រាន បញ្ចើចបញ្ចើ ប្រៀបធៀប និងដាក់បន្ទុកមកលើខ្ញុំបន្ថែមទៀតទៅ ខ្ញុំមើលឃើញថាគ្មានអ្វីចំណេញបន្តិចទាល់តែសោះ វាមានតែកើតជារឿងទោមនស្សទៅវិញទេ ណាមួយឧបសគ្គដែលខ្ញុំប្រឈមរាល់ថ្ងៃនេះមានច្រើនគ្រប់គ្រាន់ចំពោះខ្ញុំពេកទៅហើយ សង្ឃឹមថាបងប្អូននឹងអាចយល់បាន អរគុណ»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post