ក្នុងនាមជាតារាចម្រៀងជើងចាស់មួយរូបលោក សុះ ម៉ាច បានស្នើសុំឱ្យប្រធានសមាគមសិល្បៈអ្នកឧកញ៉ា ស្រីតូច ចំណាន សួរសុខទុក្ខលោកគ្រូចៅវ៉ា ដែលត្រូវគេចាត់ទុកថាជា បិតាសៀករហ័សកម្ម ដែលមានវ័យជរាទៅហើយ។ ពេលនេះលោកគ្រូក៏ទើបជួបគ្រោះថ្នាក់ដួលបាក់ឆ្អឹងជើងទើបចេញមកពីសម្រាកនៅមន្ទីរពេទ្យ។
មហាជនភាគតិចណាស់ដែលបានស្គាល់ពីកេរ្តិ៍ឈ្មោះរបស់លោកគ្រូ ចៅវ៉ា ដែលត្រូវគេស្គាល់ថាជាបិតាសៀករហ័សកម្ម។ ដោយសារមានវ័យជរាដល់ទៅ ៨៩ឆ្នាំពេលនេះលោកគ្រូក៏បានបញ្ចប់អាជីពសៀករហ័សកម្មនេះទៅហើយ ។ ប៉ុន្តែថ្មីៗនេះតារាចម្រៀង សុះ ម៉ាច ដែលធ្លាប់ជាអតីតប្រធានសមាគមសិល្បៈម្នាក់ដែរនោះបានស្នើសុំឱ្យប្រធានសមាគមសិល្បៈថ្មីអ្នកឧក ញ៉ា ស្រីតូច ចំណាន ជួយចុះទៅសួរសុខទុក្ខលោកគ្រូដើម្បីជាការលើកទឹកចិត្តនិងការគោរពដឹងគុណចំពោះតារាជើងចាស់ ខណៈពេលនេះដែរលោកគ្រូក៏ទើបនឹងជួបគ្រោះថ្នាក់ដួលបាក់ឆ្អឹងជើងផងដែរ ។
លោក សុះ ម៉ាច បានរៀបរាប់ថា «លោកគ្រូចៅវ៉ា(ចៅហ្វា)បិតាសៀករហ័សកម្មសព្វថ្ងៃមានព្រះជន្ម៨៩ឆ្នាំហើយ។លោកគ្រូបាត់មុខឈឹងពីពិភពសិល្ប:សៀករហ័សកម្ម។ខ្ញុំទើបតែបានទទួលដំណឺងពីកូនប្រុសរបស់លោកថា លោកគ្រោះថ្នាក់ដួលបាក់ឆ្អឹងជើងទើបចេញពីពេទ្យមកសម្រាកនៅផ្ទះ។សូមសមាគមសិល្បករខ្មែរទៅសួរសុខទុក្ខគាត់ផងចុះដើម្បីជាការលើកទឹកចិត្តនិងបង្ហាញពីការគោរពដឹងគុណចំពោះវីរសិល្ប:ផ្នែកសៀករហ័សកម្មដូចរូបគាត់ម្នាក់នេះផង។សូមទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ..096819623»។
តាមរយៈការលើកឡើងរបស់តារាចម្រៀង សុះ ម៉ាច គេជឿជាក់ថាអ្នកឧកញ៉ាដែលជាប្រធានសមាគមសិល្បៈខ្មែរពិតជាមិនមើលរំលងឡើយ ព្រោះគ្រាន់តែបានឡើងកាន់តំណែងមិនទាន់បានប៉ុន្មានផងអ្នកឧកញ៉ាហាក់បង្ហាញពីសកម្មភាពយកចិត្តទុកដាក់យ៉ាងផុសផុលដល់សិល្បករ សិល្បការិនីគ្រប់ស្រទាប់វ័យទាំងការចុះទៅជួយសួរសុខទុក្ខនៅពេលមានជំងឺ និងការចូលរួមរំលែកទុក្ខដល់គ្រួសារសពជាដើម ។សកម្មភាពទាំងនេះកាន់តែធ្វើឱ្យអ្នកសិល្បៈមានការរំភើបចិត្តជាខ្លាំងហើយរំពឹងថាសិល្បៈខ្មែរនឹងកាន់តែមានមុខមាត់លើឆាកអន្តរជាតិថែមមួយកម្រិតទៀត៕