header ads

Sponsor

ខណៈឃើញសមាជិកនៅក្នុងផលិតកម្មបារមី តែ មិនឃើញវត្តមានតារារ៉េប វណ្ណដា ទៅចូលរួមនៅក្នុងពិធីបុណ្យគម្រប់៧ថ្ងៃរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានធ្វើឱ្យលោកយាយជាភរិយាមានការងឿងឆ្ងល់ តែយ៉ាងណាលោកយាយក៏បានស្ងប់ចិត្តក្រោយបានដឹងថាតារារ៉េបរូបនេះនឹងចុះទៅជួបលោកយាយក្រោយពេលត្រឡប់មកពីសម្តែងនៅសហរដ្ឋអាមេរិកវិញ។

ជឿជាក់ថាមហាជនជាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាតារារ៉េប វណ្ណដា បានបង្ហាញភាពសោកសៅនិងក្តុកក្តួលជាខ្លាំងក្រោយដឹងថាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាពក្នុងពេលលោកអវត្តមាននៅក្នុងប្រទេសកម្ពុជា ។ តារារ៉េបរូបនេះបានត្រឹមតែសម្រក់ទឹកភ្នែកនិងរៀបរាប់យ៉ាងក្តុកក្តួលនៅក្នុងសំណេររបស់លោកពីចម្ងាយហើលោកក៏បាននាំយកបទចម្រៀងTime To Rise ទៅច្រៀងនៅក្នុងកម្មវិធីប្រគំតន្រ្កីផងដែរ ។ ដ្បិតលាយឡំទៅដោយភាពសោកសៅបន្តិចក្តី តែ វណ្ណដា និងបងប្រុសរួមទាំងក្រុមការងារបានបញ្ចប់ភារកិច្ចដោយរលូននឹងកំពុងធ្វើដំណើរវិលត្រឡប់មកកប្រទេសកម្ពុជាវិញ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្រោយមិនឃើញវត្តមាន វណ្ណដា ចូលរួមនៅក្នុងពិធីបុណ្យរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ លោកយាយជាភរិយាបានសម្តែងការងឿងឆ្ងល់នឹងបានសួរនាំទៅកញ្ញា ឡូរ៉ា ម៉ម ក្រោយពីកញ្ញានិងក្រុមការងារបានទៅចូលរួមនៅក្នុងពិធីបុណ្យគម្រប់ ០៧ថ្ងៃរបស់វីរៈសិល្បករចាប៉ីដងវែងលោកតា គង់ ណៃ ។

ភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកនៅក្នុងពិធីបុណ្យ ឡូរ៉ា ម៉ម បានរៀបរាប់ថា «ថ្ងៃនេះ នាងខ្ញុំបានទៅចូលរួម ពិធីបុណ្យគំរប់៧ថ្ងៃ របស់លោកគ្រូ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និងជួបសួរសុខទុក្ខលោកយាយ និងកូនៗរបស់លោកទាំងពីរ។ លោកយាយ និង កូនពួកគាត់បានប្រាប់មកនាងខ្ញុំថាមុនលាកាយកិរិយាទៅលោកគ្រូបានត្រលប់មកផ្ទះពីមន្ទីរពេទ្យជួបជុំកូនចៅ និង ស្ដាប់ធម៌ យ៉ាងស្ងប់សុខ។

លោកគ្រូបានលាទៅតាមធម្មជាតិ ជុំទៅដោយក្ដីគោរពស្រលាញ់ពីកូនចៅនិងចេតិយដ៏សមសួននៅក្រោយផ្ទះសម្រាប់លោកគ្រូ។នាងខ្ញុំដឹងថាលោក គ្រូលាទៅនេះគឺលាដោយសេចក្ដីសុខ និង សេចក្ដីស្រលាញ់ដោយបន្សល់នូវកេរដំណែល និង កេរ្តិ៍ឈ្មោះក្រអូបសុះសាយ។លោកយាយបានសួររក វណ្ណដា ហើយនាងខ្ញុំក៏បានផ្ញើផ្ដាំទៅលោកយាយវិញថាពេលនេះ វណ្ណដា កំពុងតែធ្វើដំណើរមកវិញហើយនឹងមកជួបលោកយាយក្នុងពេលឆាប់ៗនេះ»។ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនចង់ឃើញ វណ្ណដា ទៅជួបលោកយាយ ជាភរិយាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ឆាប់ៗផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post