header ads

Sponsor

ការចាកចេញរបស់អ្នកអត្ថាធិប្បាយកីឡាដ៏ល្បីលោក គន្ធ ជីវ័ន្ត បានធ្វើឱ្យអ្នកគាំទ្រមានការអាណិតអាសូរនិងសោកស្តាយជាខ្លាំងព្រោះលោកជាពិធីករដែលមានសមត្ថភាពម្នាក់។ បើតាមការរៀបរាប់ពីអ្នកជិតដិតជាមួយលោក គន្ធ ជីវ័ន្ត បានឱ្យដឹងថាលោកមានជំងឺមហារីកអណ្តាត ដំណាក់កាលទីបី ។

ពេលនេះសពរបស់អ្នកអត្ថាធិប្បាយកីឡាដ៏មានប្រជាប្រិយភាពរបស់លោក គន្ធ ជីវ័ន្ត ក៏បានដឹកមកដល់ស្រុកកំណើតនឹងបានធ្វើបុណ្យទៅតាមប្រពៃណីខ្មែរក្រោមការចូលរួមសោកស្តាយនិងរំលែកទុក្ខពីសំណាក់មហាជនជាច្រើន ។ក្នុងនោះក៏មានការចង់ដឹងថាតើលោកមានជំងឺអ្វីទើបបានជាបាត់បង់ជីវិតទាំងវ័យនៅក្មេងបែបនេះ ។  លោក គន្ធ ជីវ័ន្ត បានទទួលមរណភាពនៅក្នុងថ្ងៃទី ០៧ ម្សិលមិញនេះនៅប្រទេសថៃវេលាម៉ោង ១និង ៣០នាទី ដោយជំងឺមហារីកអណ្តាតដំណាក់កាលទីបីក្នុងអាយុ ៤៤ឆ្នាំ ។

បើតាមការលើកឡើងពីសំណាក់មិត្តភក្តិបានឱ្យដឹងថាភាគតិចណាស់ដែលដឹងថាលោក គន្ធ ជីវ័ន្ត មានជំងឺកាចសាហាវមួយនេះព្រោះលោកចង់រក្សាភាពស្ងប់ស្ងាត់មិនចង់ឱ្យមានការដឹងឮច្រើនពោលចង់ចាកចេញដោយស្ងប់សុខ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ហាក់ដូចដឹងខ្លួនជាមុនលោក គន្ធ ជីវ័ន្ត បានបង្ហោះសារលាភពផែនដីយ៉ាងសោកសៅកាលពីដើមឆ្នាំកន្លងទៅ ។ សារនោះមានអត្ថន័យយ៉ាងកម្សត់ថា«ផែនដីអើយ អ្នកពោរពេញដោយមនោសញ្ចេតនាណាស់ អ្នកផ្តល់ស្នាមអនុស្សារីយ៍ច្រើនណាស់ ខ្ញុំស្រលាញ់អ្នក ។ អ្នកបានផ្តល់សង្គមគ្រួសារដ៍គួរអោយស្រលាញ់ អ្នកផ្តល់សង្គមញ្ញាត្តិដែលគួរជាទីគោរព អ្នកផ្តល់សង្គមការងារគួរជាទីរាប់អានរាក់ទាក់ អ្នកបានផ្តល់សង្គមជាតិគួរជាទីគោរពណាស់ បើថ្ងៃណាមួយខ្ញុំចាកចេញពីអ្នកដោយមិនបានលានោះ សូមអ្នកកុំខឹងនឹងខ្ញុំណា ព្រោះខ្ញុំមាននិស្ស័យត្រឹមប៉ុណ្ណឹង ចាំណាខ្ញុំនៅតែនឹក នឹក នឹក ហើយស្រលាញ់អ្នក»។

គួរបញ្ជាក់ថាលោក គន្ធ ជីវ័ន្ត  គឺជាកូនប្រុសរបស់តារាសម្តែងជើងចាស់លោក គន្ធ ដារ៉ាវ័ន្ត ដែលបានទទួលមរណភាពកាលពីអំឡុងខែមេសាឆ្នាំ ២០២៣ កន្លងទៅ ។ មុននឹងក្លាយជាអ្នកអត្ថាធិប្បាយកីឡាដ៏ជំនាញនោះលោក គន្ធ ជីវ័ន្ត ក៏ធ្លាប់ជាអ្នកអត្ថាធិប្បាយនៅក្នុងវិទ្យុម្នាក់ដែរ កាលពីអំឡុងឆ្នាំ ១៩៩៧ ។ បើគិតមកដល់សព្វថ្ងៃលោកចាប់អាជីពជាអ្នកអត្ថាធិប្បាយក្បែរ ២០ឆ្នាំទៅហើយ ។ លោកជាពិធិករកីឡាដែលមានប្រជាប្រិយភាពរហូតអ្នកខ្លះលាន់មាត់ថាចេះទស្សនាកីឡាដោយសារស្តាប់ការអត្ថាធិប្បាយរបស់លោកទៀតផង ។ ការបាត់បង់រូបលោកជាការបាត់បង់ធនធានដ៏មានសក្កានុពលម្នាក់នៅក្នុងការអត្ថាធិប្បាយកីឡា ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post