បើគិតមកដល់ពេលនេះលោកគ្រូ សាន សុជា រៀបការប្រមាណជាជិតមួយឆ្នាំហើយលោកគ្រូក៏ត្រៀមនិងក្លាយខ្លួនជាលោកឪពុករបស់គេនៅក្នុងពេលឆាប់ៗខាងមុខនេះ ។ ការត្រៀមខ្លួនក្លាយជាឪពុក របស់លោកគ្រូ សាន សុជា ដែលជាអតីតសង្ឃដែលមានប្រជាប្រិយភាពនោះក៏ទទួលបានការសាទរនិងត្រេកអរ ពីសំណាក់កូនសិស្សរបស់លោកជាច្រើន ។
គួរឱ្យដឹងថាក្រោយរៀបការមកលោកគ្រូ សាន សុជា នៅតែបន្តចែករំលែកព្រះធម៌ក៏ដូចជាចំណេះដឹងផ្សេងៗនៅតាមបណ្តាញសង្គមដូចអ្វីដែលលោកបានលើកឡើងនាពេកន្លងមក ។ ប៉ុន្តែសម្រាប់ជីវិតគ្រួសារគេមិនដែលឃើញលោកគ្រូ សាន សុជា បង្ហាញពីរូបភាពផ្អែមល្ហែមជាមួយភរិយា ជាសាធារណៈដូចមុនរៀបការនោះទេ ។ មិនមែនជាការចៃដន្យទេព្រោះកន្លងកអតីតសង្ឃរូបនេះធ្លាប់បាននិយាយថាលោកនឹងមិនបង្ហោះរូបភាពឯកជនឡើយក្រោយលោកនិងអ្នកនាង ឡៅ ដានេ ជាភរិយាបានទទួលរងការរិះគន់ដូចព្យុះក្រោយភ្ជាប់ពាក្យរួច។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះលោកគ្រូ សាន សុជា បានបង្ហោះរូបភាពខោអាវរបស់ទារកដោយភ្ជាប់នូវសំណេរបង្ហាញពីព្រហ្មវិហារធម៌ទាំងបួនរបស់ឪពុកម្តាយ។ការលើកឡើងបែបនេះស្របពេលភរិយារបស់លោកកំពុងពរពោះកូនដំបូងផងដែរ។ ក្នុងនោះគេបានឃើញអ្នកគាំទ្ររបស់លោកគ្រូ សាន សុជា ជាច្រើនបាននាំគ្នាត្រេកអរនិងជូនពរដល់លោកគ្រូគ្រប់គ្នាព្រោះក្នុងពេលឆាប់ៗខាងមុខនេះលោកនឹងត្រៀមខ្លួនទទួលសមាជិកថ្មីជាកូនប្រុសដំបូង ។
គួរឱ្យដឹងដែរថាលោកគ្រូ សាន សុជា បានលាចាកសិក្ខាបទកាលពីអំឡុងខែឧសភា ឆ្នាំ ២០២៣ ក្រោយបានបួសរយៈពេលជាច្រើនឆ្នាំ ។ មិនប៉ុន្មានខែលោកគ្រូក៏បានសម្រេចភ្ជាប់ពាក្យជាមួយអ្នកនាង ឡៅ ដានេ ដែលជាអ្នករស់នៅប្រទេសអូស្រ្តាលី នឹងបានចូលរោងការទៅតាមប្រពៃណីខ្មែរនៅក្នុងខែវិច្ឆិកា។ ឆាប់ៗខាងមុខនេះលោកគ្រូ សាន សុជា ក៏នឹងបានឃើញមុខកូនដំបូងក្រោយរៀបការជិតមួយឆ្នាំ ៕