ក្នុងនាមជាអ្នកនិពន្ធមួយរូបដែលមានប្រជាប្រិយភាពលោក សោម ដូរ៉េ បានចេញមុខសរសើរដល់តារាចម្រៀង ណុប ប៉ាយ៉ារិទ្ធ ពេញៗមាត់ថាមានជំនាញពិសេសមួយនេះ។ លោកបានបន្ថែមថាអ្នកចម្រៀងច្រើនជំនាន់ហើយ តែរហូតមកដល់ពេលនេះលោកក៏មិនទាន់រក ឃើញអ្នកមានទេពកោសល្យមួយនេះដូចលោក ណុប បាយ៉ារិទ្ធ នោះទេ ។
គួរឱ្យដឹងថាលោក សោម ដូរ៉េ គឺជាអ្នកនិពន្ធដែលមានសមត្ថភាពម្នាក់នៅក្នុងផលិតកម្មថោន លោកធ្លាប់និពន្ធបទចម្រៀងពិរោះៗជាច្រើនបទដល់តារាចម្រៀង មាស សុខសោភា នាពេលកន្លងមក ។ អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងនាមជាអ្នកនិពន្ធបទចម្រៀងឱ្យតារាចម្រៀងជាច្រើននោះថ្មីៗនេះអ្នកនិពន្ធរូបនេះបានលាន់មាត់សរសើរពីសមត្ថភាពរបស់លោក ណុប បាយ៉ារិទ្ធ ត្រង់ៗថា « Vibeរបស់គាត់ ដែលកម្រមានអ្នកចម្រៀងប្រុសណាអាចដាក់មនោសញ្ចេតនាច្រៀងបានដូចគាត់ណាស់! ជាពិសេសជំនាញវ័រយ៉ាងក្រអួន អ្នកចម្រៀងច្រើនជំនាន់ខ្ញុំស្គាល់មិនទាន់ឃើញមាន អ្នកដូចគាត់ទេ! Best Legend»។
លោក សោម ដូរ៉េ ចាត់ទុកថាតារាចម្រៀង ណុប បាយ៉ារិទ្ធ នៅតែជាកំពូលតារាក្នុងដួងចិត្តលោកដែលពូកែវ័រគ្រប់ចង្វាក់ភ្លេងដែលលោកមិនទាន់រកឃើញតារារូបណាដែលមានសមត្ថភាពពិសេសមួយនេះសូម្បីតារាចម្រៀង ដួង វីរៈសិទ្ធ ដែលមានទឹកដមសំនៀងផ្អែមពិរោះក្តី។
បើគិតមកដល់ពេលនេះលោក ណុប បាយ៉ារិទ្ធ ចូលប្រឡូកនៅក្នុងអាជីពចម្រៀងជាច្រើនឆ្នាំមកហើយលោកនៅតែទទួលបានការស្រឡាញ់និងគាំទ្រពីសំណាក់យុវវ័យជាច្រើន ។ ថ្មីៗនេះលោកទើបចេញបទចម្រៀងថ្មីដែលមានចំណងជើងថា«DON'T CRY» ដែលជាប្រភេទបទមនោសញ្ចេតនាដែលកំពុងធ្វើឱ្យ ហ្វេន ហ្វេនមានការពេញចិត្តខ្លាំង៕