ដោយសារតែមានជំនាញសិល្បៈច្រើនមុខក្រៅពីអាជីពកំប្លែងនោះបានធ្វើឱ្យតារាកំប្លែង នាយពាក់មី កាន់តែមានទីផ្សារធំទូលាយមិនថានៅក្នុងស្រុកឬក្រៅស្រុកនោះទេ ។ យ៉ាងណាមិញនៅក្នុងពេលឆាប់ៗនេះតារាកំប្លែងដែលមានប្រភពមកពីខេត្តស្វាយរៀងរូបនេះក៏មានគម្រោងចេញទៅសម្តែងនៅប្រទេសប៉ែកអឺរ៉ុបជាលើកដំបូងថែមទៀតផង។
បើតាមគម្រោងឆាប់ៗខាងមុខនេះតារាកំប្លែង នាយពាក់មី គ្រោងនឹងចេញទៅសម្តែងនៅប្រទេសបារាំងរួមនឹងបណ្តារប្រទេសមួយចំនួនដែលនៅជិតៗនោះផងដែរ ។ មិនទាន់មានការទម្លាយថាតើការចេញទៅសម្តែងរបស់តារាកំប្លែងដ៏មានប្រជាប្រិយភាពរូបនេះមានរយៈពេលប៉ុន្មានខែនិងរួមដំណើរជាមួយតារារូបណានោះទេ ។
ដោយសារជាការធ្វើដំណើរទៅសម្តែងនៅប្រទេសប៉ែកអឺរ៉ុបជាលើកដំបូង នាយពាក់មី បានត្រៀមនូវអាហារទទួលទានមួយចំនួនដែលសូម្បីតែអង្ករសំរូបក៏នាយយកទៅតាមដែរ ។ ក្នុងនោះក៏មានការសរសើរពីសំណាក់អ្នកគាំទ្រចំពោះ នាយពាក់មី ដែលមានជំនាញសិល្បៈជាច្រើនមិនថាការច្រៀង សម្តែង កំប្លែងឬផលិតវីដេអូនោះទេ ពោលរកប្រាក់បានគ្រប់ច្រកតែម្តង ។
ថ្មីៗនេះ នាយពាក់មី កំពុងតែផ្ទុះខ្លាំងជាមួយនឹងបទចម្រៀងមួយបទដែលនាយបានដាក់ចំណងជើងថា 5 in 1 ដែលជាបទចម្រៀងរបស់តារាប្រាំរូបច្របាច់បញ្ចូលគ្នាដែលមានដូចជា ព្រាប សុវត្ថិ ក្វាន់ លីម៉េង មេសា និង វណ្ណដា ជាដើម។ មួយបទរបស់ នាយពាក់មី បានធ្វើឱ្យអ្នកគាំទ្ររបស់នាយលានមាត់សរសើរពីសមត្ថភាពរបស់តារាកំប្លែងរូបនេះគ្រប់គ្នាតែម្តង ៕