ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានស្គាល់តារាសម្តែងរូបសង្ហាដែលមានសាច់ដុំធំកង់ៗឡៃ ថៃចាន់ ឬ នេនថៃ ដែលតែងលេចមុខនៅក្នុងការសម្តែងរឿង ស្ប៉តពាណិជ្ជកម្ម និងវីដេអូចែករំលែកបែបសប្បាយៗជាច្រើន ។ ប៉ុន្តែថ្មីៗនេះអតីតសង្ឃរូបនេះបានព្រលយសម្តីមួយឃ្លាដ៏មានអត្ថន័យដែលធ្វើឱ្យមហាជនជាអ្នកគាំទ្រត្រូវចិត្តគ្រប់គ្នាតែម្តង ។
ថ្មីៗនេះលោកឡៃ ថៃចាន់ បានបង្ហោះសារនៅក្នុងគណនីយថា«មានបណ្ឌិតខ្លះប្រាប់យុវ ជនកុំឱ្យប្រឡូកចូលរឿងនយោបាយ តែគាត់ភ្លេចគិតថា«មានតែសត្វទេ ដែលមិនខ្វល់រឿងនយោបាយ»។ សំណេរដ៏ចាក់ដោតរបស់តារារូបសង្ហាម្នាក់នេះទទួលបានការពេញចិត្តនិងចែករំលែកជាច្រើនហើយក៏មានការបញ្ចេញមតិគាំទ្រចំពោះសារដ៏មានអត្ថន័យមួយនេះផងដែរពីសំណាក់អ្នកលេងហ្វេសប៊ុក ។
គួរឱ្យដឹងថាភាគតិចណាស់ដែលគេឃើញសិល្បករ សិល្បការិនីឬបុគ្គលល្បីៗនៅក្នុងសង្គមមានភាពក្លាហាននៅក្នុងនិយាយឬ ឈឺឆ្អាលចំពោះរឿងដែលទាក់ទងទៅនឹងសង្គមជាតិ។ដោយឡែកលោក ឡៃ ថៃចាន់ បានបោះសម្តីបែបនេះពិតជាធ្វើឱ្យអ្នកគាំទ្រពេញចិត្តគ្រប់គ្នា។ ក្នុងនោះលោក ឡៃ ថៃចាន់ បានបន្ថែមទៀតថា«គ្រប់អ្នកនយោបាយរបស់អាមេរិកសុទ្ធតែកើតចេញពីអ្នករៀនសូត្រ ដូច្នេះត្រូវខិតខំរៀនសូត្រ»។
គួររំឮកថាបុរសសាច់ដុំ ឡៃ ថៃចាន់ ឬ នេនថៃ ត្រូវបានអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ក្រោយពីលោកបានលាចាកសិក្ខាបទនឹងបានចូលសម្តែងរឿងបែបព្រះពុទ្ធសាសនាដែលមានចំណងជើងថា « សទ្ធាមាណព»។ បន្តពីនោះលោកក៏បានលេចមុខនៅក្នុងការសម្តែងកម្មវិធីមួយចំនួនរបស់ទូរទស្សន៍ម៉ាយធីវី និងស្ប៉តពាណិជ្ជកម្មមួយចំនួន ។ ក្រៅពីនោះលោកក៏តែងចែករំលែកនូវចំណេះដឹងមួយចំនួនមិនថាវីដេអូស្នេហាយុវវ័យបែបសប្បាយៗ ចំណេះដឹងទូទៅ ឬផ្លូវធម៌នោះឡើយ៕