ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាក្រោយពីបញ្ចប់បញ្ហារកាំរកូសរបស់តារាស្រីពីររូបគឺអ្នកនាង ម៉េង កែវពេជ្ជតា និងអ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើឱ្យមហាជនទាំងក្នុងនិងក្រៅសិល្បៈមានការសាទរគ្រប់គ្នា ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះតារាជើងចាស់ទាំងពីរក៏ទទួលបានលាភព្រមគ្នាដោយអ្នកទាំងពីរបានក្លាយជាអ្នកតំណាងឱ្យផលិតផលមួយរួមគ្នាថែមទៀត ។
ក្រោមការសម្រុះសម្រួលរបស់ប្រធានសមាគមសិល្បៈ ម៉ៅ ចំណាន សិល្បការិនីទាំងពីររូបដែលមានតារាចម្រៀង ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា បានបញ្ចប់ជម្លោះដែលបានអូសបន្លាយជាច្រើនឆ្នាំនិងឈានដល់ការប្តឹងផ្តល់គ្នាទៅដល់តុលាការថែមទៀត ។អ្វីដែលចាប់អារម្មណ៍ក្រោយមើលមុខគ្នាចំដោយភាពរីករាយពេលនេះអ្នកទាំងពីរក៏ចាប់ផ្តើមមានសកម្ម ភាពថ្មីរួមគ្នាជាលើកដំបូងដែលគេមិននឹកស្មានដល់ដោយម្ចាស់បទ «មនុស្សដំបូង»មានឱកាសបានក្លាយជាអ្នកផ្សព្វផ្សាយផលិតផលមួយជាលើកទីមួយជាមួយតារាសម្តែង ចន ច័ន្ទលក្ខិណា ។
ការបង្ហាញមុខរួមគ្នាជា BA នៅក្នុងផលិតផលតែមួយរបស់តារាស្រីទាំងពីរបានធ្វើឱ្យអ្នកគាំទ្ររបស់អ្នកទាំងពីរមានការត្រេកអរដោយអ្នកខ្លះបានលាន់មាត់ថាពិតជាលាភចូលព្រមគ្នាតែម្តង ។
គួរឱ្យដឹងថាការបញ្ចប់វិវាទ រវាងតារាចម្រៀង ម៉េង កែវពេជ្ជតា និងតារាសម្តែង ចន ច័ន្ទលក្ខិណា ក្រោយពីមានការពិភាក្សាទល់មុខគ្នាដែលបានធ្វើឡើង កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅក្រោមការសម្របសម្រួលពីសំណាក់ប្រធានសមាគមសិល្បករអ្នកឧកញ៉ា ម៉ៅ ចំណាន ។ការយល់ព្រមបញ្ចប់ជម្លោះរបស់តារាស្រីទាំងពីរក៏មានការចុះហត្ថលេខា និងផ្តិតស្នាមមេដៃទុកជាភស្តុតាងទៅតាមផ្លូវច្បាប់ផងដែរ៕