ប្រណាំងទូកឬ រថយន្តគេអាចប្រណាំងបានតែបើប្រណាំងជាមួយព្រេងវាសនាមិនអាចនោះទេ តួយ៉ាងអតីតតារាសម្តែងរូបស្រស់ គឹម ច័ន្ទបូរមី ពេលនេះកំពុងរស់នៅក្នុងយ៉ាងរីករាយជាមួយជីវិតយ៉ាងហាយសូរផងដែរ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងឱកាសពិធីខួបកំណើតកាលពីថ្ងៃទី ២៧ ម្សិលមិញនេះកញ្ញាក៏ទទួលបានកាដូរួមនឹងប្រាក់ដុល្លារជាច្រើនបាច់ពីសំណាក់គូស្នេហ៍ឃើញហើយពិតជាលាន់មាត់គ្រប់គ្នា ។
ជាច្រើនឆ្នាំមកហើយដែលស្រីស្អាត គឹម ច័ន្ទបូរមី បានភ្ជាប់ស្នេហ៍ជាមួយលោក ហ៊ុន បញ្ញាបុត្រ ដែលជាចៅប្រុសរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ទោះមិនទាន់រៀបការ តែចំណងស្នេហ៍របស់អ្នកទាំងពីរកាន់តែស្អិតរមួតដែលគេតែងឃើញនៅក្នុងការចែករំលែកនៅតាមបណ្តាញសង្គមដែលបានធ្វើឱ្យអ្នកគាំទ្រនិងមិត្តធ្លាប់រួមអាជីពមានការលាន់មាត់សរសើរនិងសាទរគ្រប់គ្នា ។
ជាក់ស្តែងនៅក្នុងឱកាសពិធីខួបកំណើតរបស់អតីតតារាសម្តែង គឹម ច័ន្ទបូរមី កាលពីថ្ងៃទី ២៧ ម្សិលមិញនេះគេបានឃើញកញ្ញាបានទទួលនូវវត្ថុអនុស្សាវរិយ៍ពីសំណាក់គូស្នេហ៍លោក បញ្ញាបុត្រ នូវសម្ភារៈម៉ាកល្បីរួមនឹងប្រាក់ដុល្លារជាច្រើនបាច់ដែលមានការប៉ាន់ប្រមាណថាមិនតិចជាង១០ម៉ឺនដុល្លារឡើយ ។ ក្នុងនោះក៏មានការសរសើរដល់សំណាងរបស់ស្រីស្អាត គឹម ច័ន្ទបូរមី ដែលមិនត្រឹមមានដៃគូជាបុរសដែលជាកូនអ្នកមានទ្រព្យនិងមានចំណេះវិជ្ជាបុណ្ណោះទេថែមទាំងមានក្តីស្រឡាញ់ស្មោះស្ម័គ្រថែមទៀត។
មិនមែនជាលើកដំបូងទេជារឿយៗនៅក្នុងឱកាសថ្ងៃពិសេសរបស់អតីតតារាសម្តែងរូបនេះគេតែងឃើញកញ្ញាបានទទួលនូវកាដូដ៏មានតម្លៃពីសំណាក់លោក ហ៊ុន បញ្ញាបុត្រ ជាម្ចាស់ចិត្តដែលពេលខ្លះមានទាំងរថយន្តស៊េរីទំនើបផងដែរ ។ គួរឱ្យដឹងថា គឹម ច័ន្ទបូរមី ធ្លាប់ជាតារាសម្តែងដែលមានប្រជាប្រិយភាពម្នាក់ តែក្រោយមកកញ្ញាក៏បានដកខ្លួនពីការងារនេះដោយជាប់រវល់បន្តការសិក្សានៅក្រៅប្រទេស ។ គឹម ច័ន្ទបូរមី ជាតារាស្រីដែលមានសម្រស់ស្អាតបែបធម្មជាតិមិនចាញ់តារាបរទេសប៉ុន្មានឡើយ។ ពេលខ្លះ គឹម ច័ន្ទបូរមី និងគូស្នេហ៍ក៏បានចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ផងដែរ ៕