ក្នុងនាមជាប្រជាពលរដ្ឋខ្មែរនិងជាមនុស្សមហាជនម្នាក់ ឌីជេ ក្តិប បានបង្ហោះសំណេរខ្លីមួយដែលមានន័យជ្រៅឃើញហើយធ្វើឱ្យមិត្តភក្តិក្នុងបណ្តាញសង្គមគាំទ្រនិងលាន់មាត់សរសើរថាលោកជាអ្នកសិល្បៈដែលមានភាពក្លាហាន ។
ក្នុងនាមជាតារាចម្រៀងរ៉េបម្នាក់និងជាអ្នកនិពន្ធបទចម្រៀងដែលធ្លាប់មានឈ្មោះល្បីល្បាញ នោះ ឌីជេ ក្តិប ត្រូវបានគេចាប់អារម្មណ៍ថាជាសិល្បករម្នាក់ដែលតែងចែករំលែករឿងរ៉ាវមួយចំនួនដែលកើតនៅក្នុងសិល្បៈ ជាពិសេសការបញ្ចេញមតិឈឺឆ្អាលចំពោះផលប្រយោជន៍ប្រទេសជាតិ ។
ឌីជេ ក្តិប ត្រូវបានគេចាត់ទុកជាសិល្បករម្នាក់ក្នុងចំណោមអ្នកសិល្បៈតិចតួចបំផុតដែលកំពុងចាប់អារម្មណ៍ចំពោះរឿងដែលកើតមានក្តៅៗនាពេលថ្មីៗនេះ ។
តាមរយៈសារខ្លីមួយនេះដែលឌីជេ មាឌតូចល្អិតរូបនេះរៀបរាប់ថា «វគ្គនេះបើបញ្ឈប់មិនបានទេកុំសង្ឃឹមថាអាចទាមទារអ្វីវិញបានឲ្យសោះនៅពេលក្រោយ(ត្រូវចាំ)»។
បើទោះមិនបាននិយាយចំៗ តែសារខ្លី បង្កប់ន័យជ្រៅរបស់ ឌីជេ ក្តិប បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកក៏ដូចជាអ្នកគាំទ្រជាច្រើនបានបង្ហាញការពេញចិត្ត និងព្រួយបារម្ភគ្រប់គ្នា។
ក្នុងនោះក៏មានការចូលរួមបញ្ចេញការឈឺឆ្អាលជាមួយតារាចម្រៀងរ៉េបរូបនេះ ហើយខ្លះទៀតក៏បានសរសើរពីឆន្ទះរបស់ ឌីជេ ក្តិប ដែលមានភាពក្លាហាននិយាយរឿងប្រទេសជាតិជាសាធារណៈបែបនេះ ខណៈអ្នកសិល្បៈល្បីៗមួយចំនួនរក្សាភាពស្ងៀមស្ងាត់ចំពោះរឿងមួយនេះ៕