ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី ០៥ខាងមុខនេះតារារ៉េប នេនទុំ និង ពូឃ្លាំង បានត្រៀមចេញMVបទចម្រៀងមួយបទដែលមានចំណងជើងថា«ព្រែកជីកហ្វូណនតេជោ»។ ប៉ុន្តែយ៉ាងណាមួយបទរបស់ នេនទុំ ទទួលបានការរិះគន់ច្រើនជាងការសរសើររហូតអ្នកគាំទ្រមួយចំនួនបានសម្រេចឈប់តាមដានលោកទៀតផង ។ មិនរង់ចាំយូរ នេនទុំ ក៏បានចេញមុខបកស្រាយចំពោះការរិះគន់ទាំងនេះភ្លាមៗដែរ។
កាលពីថ្ងៃទី ៣១ ម្សិលមិញនេះ នេនទុំ បានទម្លាក់វីដេអូបទចម្រៀងជាមួយ ពូឃ្លាំង ដែលមានរយៈពេលប្រមាណជាង១នាទី ដោយភ្ជាប់សំណេរខ្លីថា « ពូ ឃ្លាំង និង នេនទុំ ជួបគ្នាហើយ Full MV ថ្ងៃទី៥ សីហា ម៉ោង៨ព្រឹក(ព្រែកជីកហ្វូណនតេជោ)»។ ខុសពីសព្វដងមួយបទរបស់ នេនទុំ ទទួលរងការរិះគន់ពីសំណាក់អ្នកលេងហ្វេសប៊ុក ច្រើនជាងការសរសើរ។ ម្នាក់ៗបានចូលរួមខមិនជាហូរហែរហើយខ្លះទៀតក៏បានលើកឡើងចំៗថាឈប់គាំទ្រហើយ។ នេះជាការបញ្ចេញមតិខ្លះៗរបស់មហាជន «ដារ៉ាស្រុកខ្មែរ ពេលកំពុងល្បីច្រៀងបទ អរគុណសន្តិភាពពេលធ្លាក់ខ្លួន យំសុំជំនួយពីបងប្អូន ភើយ» «ពីរោះណាស់បងតែសុំលាហើយ» «ចយអើយខុំធ្វើហ្វេនតាំងយូរលូវចប់អស់ល្អត្រឹមនឹងបាយៗ»
«ប្រសិនបើនិពន្ធចម្រៀងច្រៀងលើកតម្កើងអំពីវីរភាពរបស់លោកឧកញ៉ាសឺនគុយ និងវីរបុរសខ្មែរក្រោមជាច្រើនទៀតដែលលោកខំប្រឹងតស៊ូបូជាជីវិតដើម្បីជាតិសាសនា ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយយល់អំពីប្រវត្តិសាស្ត្រកាន់តែច្បាស់ មិនដឹងថាល្អយ៉ាងណាទេ តែគួរឲ្យសោកស្ដាយដែលអ្នកចម្រៀងឥឡូវនេះពូកែតែខាងច្រៀង ទ្រអែបអរគេទេ»« ខំគាំទ្រចុងក្រោយឆ្កែសុទ្ធ» « Okay idol ពួកដារ៉ាស្រុកខ្មែរសុទ្ធតែពួកទ្រពង ពួកអារស់ដើម្បីតែស៊ី» ជាដើម ។
ដោយឃើញសន្ទុះនៃការរិះគន់ខ្លាំងបែបនេះ នេនទុំ បានចេញមុខបកស្រាយចំពោះមូលហេតុដែលលោកធ្វើបទចម្រៀង «ព្រែកជីកហ្វូណនតេជោ»។ ក្នុងនោះតារារ៉េបរូបនេះបានលើករៀបរាប់ ថា លោកចេញ វីដេអូបកស្រាយនេះសង្ឈឹមថាមហាជននឹងបានយល់ ហើយមូលហេតុដែលលោក ចេញបទចម្រៀងគាំទ្រព្រែកជីកហ្វូណន ដោយសារលោកគិតថាជាភាពអស្ចារ្យមួយកើតឡើង នាសម័យនេះដែលមានព្រែកជីកដ៏វែង ដ៏ឆ្ងាយដែល មិនដែលបានឮមិនដែលបានឃើញ។ បន្ថែមពីនេះ នេនទុំ ថាខ្លួនមិនបានកាន់ខាងនយោបាយ ធ្វើតែសិល្បៈទេហើយក៏មិនលូកលាន់នយោបាយដែរ។ ប៉ុន្តែបើថា ជីកទៅមានការប៉ះពាល់ដល់អ្នករស់នៅទីនោះនឹងទទួលបានសំណងមិនគ្រប់គ្រាន់ជារឿងរបស់រដ្ឋាភិបាល តែលោកនៅតែយល់ថាព្រែកជីកហ្វូណនជាគម្រោងមួយ អស្ចារ្យដែលលោក គាំទ្រនឹង អបអរសាទរ។ ជាចុងក្រោយ នេនទុំ បាននិយាយថា «ទោះ គាំទ្រ មិនគាំទ្រក៏គម្រោងព្រែកជីកហ្វូណន នឹងចាប់ដំណើរការហើយបងប្អូនគិតមើលទៅ» ។គួរឱ្យដឹងថាការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ សីហាខាងមុខនេះ ហើយក្នុងនោះរាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យមន្ត្រីរាជការ សិស្ស និស្សិត ឈប់សម្រាក១ថ្ងៃដើម្បីអបអរសាទរផងដែរ ៕