ក្នុងនាមជាអតីតស្វាមីលោក សាពូន មីដាដា បានបង្ហាញការអាណិតអាសូរដល់អតីតភរិយាដោយលោកបានផ្តល់កម្លាំងចិត្តឱ្យ សឿ សុធារ៉ា រឹងមាំមិនថាសុខភាពផ្លូវកាយនិងផ្លូវចិត្តព្រោះនៅមានកូនៗជាទីស្រឡាញ់ដល់ទៅពីររូបទៀត។
ដ្បិតបានបែកបាក់គ្នាទៅហើយក្តី តែអតីតតារាចម្រៀង សាពូន មីដាដា នៅតែអះអាងថាលោកនៅតែដឹងសុខទុក្ខអតីតភរិយា ដែលពេលនេះលោកក៏បានប្រែពីពាក្យភរិយាមកហៅថាម្នាលប្អូនស្រី ទៅហើយ ។ ក្នុងនោះលោកក៏បានបង្ហោះសារផ្ញើរជូនទៅម្តាយរបស់កូនៗលោកទាំងពីរថា «បងស្រីបង្កើតដ៏ស្និទ្ធស្នាលបំផុតរបស់ប្អូនស្រីក្នុងចំណោមបងប្អូនទាំងអស់ គាត់បានលាចាកលោកនេះទៅបដិសន្ធិនាឋានសួគ៌ហើយ ម្នាលប្អូនស្រី សឿ សុធារ៉ា ជាទីអាណិតកំសត់បំផុត អម្នឹះតទៅប្អូនស្រីត្រូវតែខំថែរក្សាសុខភាពទាំងផ្លូវកាយទាំងផ្លូវចិត្តឲ្យរឹងមាំ ប្អូននៅមានខ្លួនឯងនិងកូនស្រីប្រុសជាទីអាណិតស្រលាញ់ទាំងពីរ ទោះជាយើងបែកក្លាយជាទីទៃនិងគ្នាជាយូរមកក៏ដោយ ក៏យើងនៅតែដឹងសុខទុក្ខពីគ្នា និងរិតតែប្រឹងចិញ្ចឹមបីបាច់កូនៗទាំងពីរដែលជាដំណក់ឈាមរួមគ្នា ឲ្យមានស្នាមញញឹមក្នុងដំណើរជីវិតនេះតទៅ .....»។
អ្វីដែលកត់សម្គាល់បើទោះមានជីវភាពក្រីក្រលំបាកក្តី តែសព្វថ្ងៃកូនប្រុសស្រីរបស់ សឿ សុធារ៉ា កំពុងរស់នៅក្រោមការបីបាច់ថែរក្សាពី នាងជាម្តាយ ។ បើតាមប្រភពអ្នកដែលជិតដិតជាមួយ សឿ សុធារ៉ា សុទ្ធតែបានបង្ហាញការអាណិតអាសូរ ព្រោះបងស្រីរបស់នាងតែងទៅណាមកណាជាមួយនាងតាំងពីនៅជាអ្នកសិល្បៈមកម្លេះប្រៀបដូចជាម្តាយទីពីរហើយក៏ជាអ្នកមើលថែទាំ សឿ សុធារ៉ា និងកូនៗក្រោយពេលឪពុកម្តាយចែកឋានទៅ ។ ទន្ទឹមនិងការចូលរួមរំលែកទុក្ខក៏មានការជូនពរឱ្យជីវិតអតីតតារាសម្តែងរូបនេះផុតទុក្ខនិងមានជីវិតល្អប្រសើរឡើងវិញ៕