លែងមានមន្ទិលទៀតហើយអាយុគ្រាន់តែជាតួលេខពេលនេះចំណងស្នេហ៍រវាងតារាសម្តែងរូបសង្ហាវ័យ៣៣ឆ្នាំលោក ប៉ែន ភ័ក្ត្រសុធារិទ្ធ និងអ្នកជំនួញទ្រព្យពេញដៃ អ៊ាន សៀវម៉ី កាន់តែស្អិតរមួត។ខណៈតារាសម្តែងប្រុសរូបនេះលើកឡើងថាការភ្ជាប់ស្នេហ៍របស់ពួកគេទាំងពីរដោយសារ វាសនាជាអ្នកកំណត់ ។
ដ្បិតមិនទាន់ប្រកាសពីពេលវេលាជាក់លាក់នៅក្នុងថ្ងៃមង្គលការក្តី តែអ្នកជំនួញអនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី គ្រាន់តែបង្ហើបថានឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ ។ ជាមួយគ្នានេះអ្នកទាំងពីរតែងបង្ហាញនូវវីដេអូផ្អែមល្ហែមជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គមដែលធ្វើឱ្យអ្នកគាំទ្រមានការរំភើបនិងបានជូនពរចំពោះចំណងស្នេហ៍ពួកគេផងដែរ តែយ៉ាងណាក៏មានអ្នកខ្លះ បានឌឺដងក្រោយឃើញឧកញ៉ា អ៊ាន សៀវម៉ី ជ្រើសដៃគូវ័យក្មេងជាងខ្លួន ។ ប៉ុន្តែត្រូវបានលោកស្រីលើកជាសំណួរផាំងៗថាត្រូវស្ត្រីមេម៉ាយដូចលោកស្រីត្រូវយកប្តីបែបណា?
បើយកមនុស្សចាស់ថាស្រឡាញ់ទ្រព្យហើយបើយកប្រុសក្មេងគេថាយកលុយទៅទិញ? អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះអ្នកជំនួញទ្រព្យស្តុករូបនេះបានចែករំលែករូបភាពក្នុងឈុតកូនកំលោះក្រមុំជាមួយតារាប្រុស ប៉ែន ភ័ក្ត្រសុធារិទ្ធ ភ្ជាប់ដោយសារយ៉ាងផ្អែមល្ហែមថា «ត្រឹមតែជាអ្នករាប់អានគ្នាសោះមិននឹងស្មានថាយើង២នាក់អាចមានថ្ងៃនេះអរគុណដែរអោយមានស្នាមញញឹមម្ដងទៀត»។
សម្រាប់លោក ប៉ែន ភ័ក្ត្រសុធារិទ្ធ វិញក៏បានអរគុណដល់ដៃគូឧកញ៉ា អ៊ាន សៀវម៉ី ដែលបានចូលមកក្នុងជីវិតរបស់លោកហើយលោកក៏បានទម្លាយថាការជួបគ្នារវាងអ្នកទាំងពីរគឺជាវាសនាកំណត់ ។មិនខុសពីលោក រស់ រាជ្ជសាល និងលោក ប៊ឺរី ប៉ុន្មានឡើយអ្នកគាំទ្រជាច្រើនសុទ្ធតែសរសើរពីសំណាងរបស់លោក ប៉ែន ភ័ក្ត្រសុធារិទ្ធ ដែលរើសចំដៃគូដែលមានជាកញ្ចប់ តែយ៉ាងណាមិនច្បាស់ថាតើអាជីពសិល្បៈ ដែលប្រឹងប្រែង១៤ឆ្នាំរបស់លោកអាចនឹងបញ្ចប់ឬបែបណាក្រោយលោករៀបការជាមួយអ្នកជំនួញទ្រព្យស្តុក អ៊ាន សៀវម៉ី៕