ដើម្បីចែករំលែកជាបទពិសោធន៍ដល់អ្នកសិល្បៈជំនាន់ក្រោយតារាសម្តែង សាយ សៀរ៉ា បានផ្តាំផ្ញើរសារខ្លះៗឱ្យមានការប្រុងប្រយ័ត្នមុនទទួលសម្តែងរឿងត្រូវធ្វើកិច្ចសន្យានិយាយឱ្យបានច្បាស់លាស់កុំឱ្យជួបរឿងខកចិត្តដូចជារូបលោក។
ប៉ុន្មានថ្ងៃមុននេះតារាសម្តែង សាយ សៀរ៉ា បានបង្ហោះសារត្អូញត្អែរបង្ហាញពីការពិបាកបើកលុយបើទោះលោកបានថតរឿងចប់ក្តី។ ប៉ុន្តែយ៉ាងណាតារាសម្តែងប្រុសដែលមានដើមកំណើតមកពីខេត្តកំពង់ចាមរូបនេះមិនបានប្រាប់ថាផលិតកម្មដែលមានការពិបាកនោះមានឈ្មោះអ្វីនោះឡើយ ។ លោក សាយ សៀរ៉ា បានរៀបរាប់ថា « ផ្ញើរជូនទៅបងប្អូនអ្នកសិល្បៈថ្មីៗ មុនថតរឿងត្រូវធ្វើកិច្ចសន្យានិយាយរឿងលុយឲ្យបានច្បាស់លាស់ មុនថតរឿងព្រោះថា ខ្ញុំថតចប់ពិបាកបើកលុយណាស់ ខ្លះថតរាប់ឆ្នាំហើយមិនបើកឲ្យទេ តេមិនលើកទូរស័ព្ទឆាតមិនតបខ្ញុំថតរឿងភាគដាក់TV ថ្ងៃណាមួយខ្ញុំនិងផុសឲ្យបងប្អូនបានឃើញមុខ មនុស្សខ្ញុំស្លូតទេខ្ញុំថតរឿងជិះឡានចាក់សាំងឡាន មែនសុំសាំងគេទេ ខោអាវទិញគេមែនគេឲ្យទេថតទាំងជិតទាំងឆ្ងាយ គួរតែយល់ខ្ញុំផង ទុកពេលឲ្យមួយរយៈ ខ្ញុំត្រូវការលុយទិញបាយ១ថ្ងៃ៣ពេលហូប មើលក្មួយៗបង់ទឹកបង់ភ្លើង មើលថែឪពុកម្តាយចាស់ៗ ខ្ញុំក៏ជំពាក់គេដែលគួរយល់ផងចង់ឲ្យអ្នកសិល្បៈយើងទាំងតួថ្មីទាំងតួចាស់បើមានរឿងត្រូវងើបឡើងកុំលាក់ខ្លាចខ្មាសគេត្រូវផុសឲ្យគេដឹងព្រោះខំថតណាស់»។
ការរៀបរាប់រាប់លោក សាយ សៀរ៉ា បានធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមិត្តភក្តិរួមអាជីពជាច្រើនបានសម្តែងការហួសចិត្តនិងអាណិតអាសូរដល់រូបលោកជាខ្លាំង ។
លោក សាយ សៀរ៉ា បានបន្ថែមថារឿងនេះលោកបានថតនិងបានដាក់បញ្ចាំងចប់យូរហើយតែលោកនៅតែមិនទាន់ទទួលបានលុយទៀត ។ មិនតែប៉ុណ្ណោះលោក សាយ សៀរ៉ា បានបញ្ជាក់ទៀតថាលោកជាតួដែលគោរពពេលវេលាមិនដែលធ្វើឱ្យអ្នកដឹកនាំរឿងខកចិត្តម្តងណាទេ ។
សព្វថ្ងៃគេមិនសូវឃើញលោក សាយ សៀរ៉ា បង្ហាញវត្តមាននៅក្នុងការសម្តែងរឿងថ្មីៗទេ ភាគច្រើនលោកចេញទៅកើបប្រាក់នៅក្រៅប្រទេស យ៉ាងណាមិញពេលនេះលោកចេញទៅសម្តែងនៅប្រទេសបារាំងជាមួយតារាចម្រៀង ហេង ប៊ុនលាប និង អ៊ឹង និមល ជាដើម ។ អ្វីដែលកត់សម្គាល់ទោះមានវ័យច្រើនបន្តិចក្តី តែលោក សាយ សៀរ៉ា ហាក់មិនទាន់រវីរវល់គិតគូររឿងរៀបការនោះទេ សូម្បីតែគូស្នេហ៍ក៏គេមិនដែលឃើញលោកបង្ហាញមុខតាមបណ្តាញសង្គមដែរ ។ មួយរយៈមុនលោកក៏បានរៀបចំពិធីឡើងគេហដ្ឋានធំស្កឹមស្កៃ ដែលលោកសាងសង់ជូនអ្នកមានគុណនៅឯស្រុកកំណើតខេត្តកំពង់ចាម ៕