ទឹកចិត្តជាម្តាយឪពុកពិតជាមានទំហំធំធេងណាស់ តួយ៉ាងតារាពហុជំនាញ ខាត់ សុឃីម មានក្តីស្រមៃចង់ឱ្យកូនប្រុសច្បងរបស់ខ្លួនមានឱកាសបានចេញទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកបើទោះដឹងថាការសិក្សានៅទីនោះមានការចំណាយខ្ពស់ក៏ដោយ ។
គួរឱ្យដឹងថាពេលនេះកូនប្រុសច្បងរបស់តារាពហុជំនាញ ខាត់ សុឃីម បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ កាលពីឆ្នាំ ២០២៣ កន្លងទៅហើយសព្វថ្ងៃយុវជន ស្កាយ កំពុងសិក្សាដើម្បីត្រៀមប្រឡងទៅរៀននៅសហរដ្ឋអាមេរិកតាមក្តីប្រាថ្នារបស់អ្នកម្តាយ ។
បើទោះមិនទាន់បានទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកក្តី តែ ស្តាយ បានគិតទុករួចរាល់ហើយថាពេលទៅដល់សហរដ្ឋអាមេរិកខ្លួនសិក្សាបណ្តើរនឹងឆ្លៀតជួយលក់ម្តាយ មីង ខាត់ ស្រីវង ដែលបានបើកកន្លែងលក់អាហារនៅទីនោះ ។ អ្វីដែលកត់សម្គាល់កន្លងមកអ្នកនាង ខាត់ សុឃីម ធ្លាប់បានលើកឡើងថាដោយសារអ្នកនាងមិនបានសិក្សាជ្រៅជ្រះដូចនេះអ្នកនាងចង់ឱ្យកូនៗដែលជាក្មេងជំនាន់ក្រោយបានសិក្សាខ្ពង់ខ្ពស់ ជាពិសេសបានចេញទៅសិក្សានៅបរទេស។
ដោយសារមានឈាមជ័រជាអ្នកសិល្បៈកូនប្រុសរបស់អ្នកនាង ខាត់ សុឃីម ក៏អាចលេងភ្លេងបានមិនថាបុរាណ និងសម័យបានយ៉ាងស្ទាត់ផងដែរ ។គួរឱ្យដឹងថាពេលនេះតារាពហុជំនាញកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមីក្មេងលោក បញ្ញា រួមនឹងកូនប្រុសស្រីចំនួនពីរនាក់។
អ្វីដែលគួរឱ្យសរសើរនោះអ្នកនាង និងស្វាមីក៏បានរើខ្លួនពីបំណុលក្បែរលានដុល្លារនឹងបានបង្កើតអាជីវកម្មផ្ទាល់ខ្លួនលក់ផលិតផលយ៉ាងរលូនដែលទើបបើកសម្ពោធកាលពីពេលថ្មីៗនេះដោយមានការចូលរួមត្រេកអរ និងសាទរពីសំណាក់មិត្តភក្តិក្នុងសិល្បៈផងដែរ៕