ខុសប្លែកពីសិល្បករ សិល្បការិនី ជាច្រើនតារាចម្រៀងជើងចាស់ ហ៊ឹម ស៊ីវន មិនមានអ្នកបន្តវេនពីលោកស្រីឡើយ ខណៈកូនៗរបស់លោកស្រីមិនមានទេពកោសល្យសិល្បៈដូចអ្នកម្តាយនោះទេ ។ ដោយសារតែបែបនេះហើយទើបលោកស្រីបានបង្ហាញនូវការសោកស្តាយព្រោះអាជីពលក់សំឡេងគឺជាអាជីពដែលលោកស្រីស្រឡាញ់ខ្លាំង ។
គួរឱ្យដឹងថាលោកស្រី ហ៊ឺម ស៊ីវន គឺជាតារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក ។បទរបស់លោកស្រីល្បីៗជាច្រើនបទទទួលបានការស្រឡាញ់ពេញចិត្តពីអ្នកស្តាប់គ្រប់ស្រទាប់វ័យដែលរហូតមកដល់ពេលនេះមិនទាន់សាបសូន្យនោះទេ ។អ្វីដែលចាប់អារម្មណ៍ទោះមិនមានបទចម្រៀងថ្មីៗសម្រាប់បម្រើអារម្មណ៍ទស្សនិកជនដូចមុន តែលោកស្រី ហ៊ឹម ស៊ីវន នៅតែបង្ហាញវត្តមានច្រៀងនៅក្នុងកម្មវិធីនានាជាធម្មតាហើយបើនិយាយពីទឹកដមសំឡេងក៏នៅតែក្រអួនក្រអៅបើទោះមានវ័យជ្រេបន្តិចក្តី ។
ខុសពីតារាចម្រៀងមួយចំនួនភាគច្រើនមានកូនបន្តវេនដែលមានដូចជាតារាចម្រៀង ព្រាប សុវត្ថិ និង ខាន់ជែមស៍ ជាដើម ប៉ុន្តែបើក្រឡេកមកមើលម្ចាស់បទ«ស្រឡាញ់បងជាប្រុសចុងក្រោយ»រូបនេះវិញបានបង្ហាញការសោកស្តាយដោយសារកូនប្រុសស្រីទាំងពីរនាក់របស់លោកស្រីមិនមានទេពកោសល្យសិល្បៈនោះទេ ។
ចូលប្រឡូកក្នុងសិល្បៈច្រើនឆ្នាំមិនត្រឹមជាតារាចម្រៀងមានប្រជាប្រិយភាពប៉ុណ្ណោះទេ ហ៊ឹម ស៊ីវន ជាតារាចម្រៀងដែលមិនដែលជំពប់រឿងអាស្រូវអ្វីឡើយ ។បើមើលតាមជីវភាពរបស់លោកស្រីគេអាចដឹងថាទោះមិនប្រឡូកការងារមួយនេះ តែលោកស្រី ហ៊ឹម ស៊ីវន មិនខ្វះប្រាក់ចាយនោះឡើយ ព្រោះលោកស្រីត្រូវបានគេដឹងថាជាម្ចាស់ចំការទុរេនជាច្រើនហិចតានៅក្នុងខេត្តកែប ហើយស្វាមីរបស់លោកស្រីក៏ជាមន្រ្តីរាជការដែលមានមុខតំណែងម្នាក់ដែរ។ ប៉ុន្តែយ៉ាងណាលោកស្រី ហ៊ឹម ស៊ីវន បានឱ្យដឹងថាដោយសារអាជីពចម្រៀងជាការងារដែលលោកស្រីស្រឡាញ់ដូនេះលោកស្រីនៅតែបន្តអាជីពនេះរហូតដល់លែងមានអ្នកគាំទ្រនិងច្រៀងលែងកើត៕