ខណៈភាពចម្រូងចម្រាស់រវាងលោក Nawat អ្នកគ្រប់គ្រងស្ថាប័ន MGI និងលោកស្រី អ៊ឹម សុគន្ធា មិនទាន់បានស្ងប់ស្ងាត់ហើយស្របទៅនឹងសំណូមពររបស់មហាជនផងនោះពេលនេះម្ចាស់ផលិតផលរក្សាសម្រស់ ឡាកាម៉ូ បានសម្រេចដកស្លាកដែលមានរូបភាពបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី រួមនឹង នាង Engfa ពីស្លាកផ្សព្វផ្សាយផលិតផលរបស់ខ្លួននៅតាមដងផ្លូវមួយ។
កាលពីថ្ងៃទី ០៩ ម្សិលមិញនេះតាមរយៈវីដេអូប្រមាណជាង ៥នាទីបានបញ្ជាក់ថាលោកស្រី មាស ច័ន្ទដាលីន ដែលគេស្គាល់ជាអគ្គនាយិកាក្រុមហ៊ុនផលិតផលរក្សាសម្រស់មួយបានសម្រេចដកស្លាកផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមផ្លូវមួយដែលមានរូបបវរកញ្ញាសៀមនាង Engfa ថតរួមគ្នាជាមួយលំដាប់រងទី5 MGI ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយជំនួសមកស្លាករូបភាពផ្សព្វផ្សាយផលិតផលជាក្រុមគ្រួសាររបស់លោកស្រីវិញ ។ អគ្គនាយិការូបនេះបានទទួលស្គាល់ថារឿងចម្រូងចម្រាស់មួយនេះពិតជាធំខ្លាំងណាស់ហើយសម្រាប់លោកស្រីក៏មានការឈឺចាប់ដូចបងប្អូនខ្មែរទាំងអស់គ្នាដែរ ហើយមូលហេតុលោកស្រីដកស្លាកដែលមានរូបនាង Engfa ចេញគឺទៅតាមសំណូមពររបស់មហាជនជាច្រើន។ បន្ថែមពីនេះលោកស្រីក៏សំណូមពរ ឱ្យប្រជាជនខ្មែរមានការស្រឡាញ់និងលើកទឹកចិត្តដល់ខ្មែរព្រោះថាពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏កំពុងរងនូវសម្ពាធផ្លូវចិត្តខ្លាំង ។
ក្រៅពីការទម្លាក់ស្លាកដែលមានរូបនាង Engfa ជា BA នៅក្នុងផលិតផលរបស់ខ្លួនចេញលោកស្រី មាស ច័ន្ទដាលីន បានទទួលស្គាល់ថាក្រុមហ៊ុនរបស់លោកស្រីមានអ្នកផ្សព្វផ្សាយជាច្រើនដែលមានដូចជាតារាតិកតុក តារាសម្តែងល្បីៗរួមនឹងបវរកញ្ញាដែលមានប្រជាប្រិយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាដើម ។ សម្រាប់ហេតុផលដែលលោកស្រីជ្រើសយកបវរកញ្ញាសៀម Engfa ជា BA បន្ថែមទៀតដោយសារលោស្រីពង្រីកទីផ្សារលក់ផលិតផលនៅប្រទេសនោះ ។
ជាមួយនឹងការសរសើរពីទង្វើរបស់លោកស្រីពីសំណាក់អ្នកគាំទ្រដែលបានសម្រេចដកស្លាករូបភាពផ្សព្វផ្សាយរបស់ Engfa ចេញពីសំណាក់អ្នកលេងបណ្តាញសង្គមក៏មានការសំណូមពរឱ្យលោកស្រីងាកមកជ្រើសយកសិល្បករ សិល្បការិនីខ្មែរជា BA ឱ្យបានច្រើននិងទូលំទូលាយជាងមុន។បើគិតមកដល់ពេលនេះនាង Engfa បានចុះកិច្ចសន្យាធ្វើ BA ជាមួយលោកស្រី មាស ច័ន្ទដាលីន បានប្រមាណជាងកន្លះឆ្នាំប៉ុណ្ណោះ៕