អ្នកគាំទ្រតារាចម្រៀង ឆន សុវណ្ណរាជ ជាច្រើនបានបង្ហាញអារម្មណ៍រីករាយនិងអន្ទះសារជាខ្លាំងក្រោយបានដឹងថាតារាចម្រៀងរូបនេះត្រៀមចេញមីនីអាល់ប៊ុម ដែលជាការវិលត្រឡប់មកវិញនូវបទចម្រៀងបែបសេធជាមួយនឹងអារម្មណ៍ឈឺចាប់ដែលជាប្រភេទបទចម្រៀងដែលធ្វើឱ្យលោកមានឈ្មោះបោះសំឡេងនាពេលកន្លងមក ។
គួរឱ្យដឹងថា ឆន សុវណ្ណរាជ ធ្លាប់ជាតារាចម្រៀងដែលមានប្រជាប្រិយភាពម្នាក់ដែលកន្លងមកលោកក៏មានបទល្បីៗពិរោះជាច្រើនបទដែលទទួលបានការគាំទ្រពីសំណាក់អ្នកស្តាប់គ្រប់ស្រទាប់ ។ ប៉ុន្តែចុងក្រោយតារាចម្រៀងរូបនេះហាក់មិនសូវមានបទចម្រៀងផ្ទុះដូចមុននោះទេស្របពេលលោកបានងាកមកច្រៀងបទបែបរសជាតិផ្សេងដែលមានដូចជា «ពូមិនដូចប៉ា» ជាដើម ដែលធ្វើឱ្យមានការរិះគន់ដល់តារាចម្រៀងរូបនេះជាខ្លាំង ។
ប៉ុន្តែថ្មីៗនេះហ្វេន ហ្វេន ជាច្រើនបានបង្ហាញការរីករាយក្រោយបានឃើញម្ចាសបទ«ទីក្រុងគ្មានមេឃ»រូបនេះត្រៀមចេញមីនី អាល់ប៊ុមដែលមានឈ្មោះ REACH the LONELY REALM នៅក្នុងពេលឆាប់ៗនេះដើម្បីបំពេញតម្រូវការទីផ្សារក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ។ ក្នុងនោះលោក ឆន សុវណ្ណរាជ បានភ្ជាប់សារខ្លីថា « នេះជាការវិលត្រឡប់មកវិញ ជាមួយនឹងអារម្មណ៍ឈឺចាប់ ដែលពិបាកនឹងរៀបរាប់អស់ មានតែប្រាប់នៅក្នុង មីនីអាល់ប៊ុម REACH the LONELY REALM ឆាប់ៗនេះ»។
ជុំវិញការត្រៀមចេញនូវ មីនីអាល់ប៊ុម របស់លោក ឆន សុវណ្ណរាជ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការរំភើបជាខ្លាំងដោយម្នាក់ៗលើកឡើងស្រដៀងគ្នាថា លោក ឆន សុវណ្ណរាជ ពីមុនត្រឡប់មកវិញហើយ ទាំងបទចម្រៀង និងការតុបតែងខ្លួន ។ ខ្លះទៀតលើកឡើងថា«ខ្ញីកាន់តែចាស់កាន់តែហឹរ រង់ចាំយូរហើយ ។ ក្នុងនោះសូម្បីតារាចម្រៀងរូមទ្រនំមួយចំនួនក៏បានបង្ហាញការលាន់មាត់នឹងរង់ចាំនូវការវិលត្រឡប់ជាថ្មីជាមួយនឹងស្ទីលប្លែក ២០២៤របស់តារាចម្រៀង ឆន សុវណ្ណរាជ នៅក្នុងមីនីអាល់ប៊ុមនេះ៕