ក្រោយបានឃើញទិដ្ឋភាពនៅក្នុងពិធីបុណ្យសពរបស់អតីតមិត្តសិល្បៈរួមជំនាន់មានសភាពស្ងាត់ជ្រងំពោល មានវត្តមានអ្នកសិល្បៈចូលរួមតិចតួចនោះបានធ្វើឱ្យតារាចម្រៀង ម៉ៅ ស៊ីណាត បានលាន់មាត់ថាពិភពលោកគឺបែបនេះពេលមានកិត្តិយសឈ្មោះល្បីមិនខ្វះបនភឿន តែពេលដែលធ្លាក់គ្មានអ្នករាប់រកទេ ។
តារាចម្រៀងដែលធ្លាប់មានប្រជាប្រិយភាព ម៉ៅ ស៊ីណាត បានលើកឡើងថាសព្វថ្ងៃអ្នកនាងសុខចិត្តរស់នៅដោយស្ងប់ស្ងាត់មិនមានការសពគប់មិនរញ៉េរញ៉ៃច្រើន។ ជាក់ស្តែងអ្នកនាងក៏ធ្លាប់បានទទួលបានបទពិសោធន៍ពេលដែលមានឈ្មោះបោះសំឡេង ពេលធ្លាក់ខ្លួន និងពេលបច្ចប្បន្ននេះតែម្តង ។
ក្នុងនោះតារាចម្រៀងដែលមានកាយវិការក្រម៉ិចក្រមើមរូបនេះបានបង្ហាញការអាណិតអាសូរក្រោយបានឃើញទិដ្ឋភាពស្ងាត់ជ្រងំនៅក្នុងពិធីបុណ្យរបស់អតីតតារាចម្រៀង យេ យេ អ៊ុំ គន្ធា ដែលមានតែអ្នកសិល្បៈតិចនាក់ដែលបានចូលរួម ។ ក្នុងនោះ ម៉ៅ ស៊ីណាត បានលើកឡើងទាំងខ្លោចចិត្តថាជារឿងធម្មតាយើងឈប់ពីសិល្បៈយូរមកហើយ ណាមួយពេលដែលយើងមានឈ្មោះបោះសំឡេងមានកេរ្តិ៍ឈ្មោះអស្ចារ្យមិនខ្វះទេអ្នករាប់រកអ្នកសេពគប់ តែនៅពេលអស់កិត្តិយសគ្មានអ្នករាប់រកនោះឡើយ។
តារាចម្រៀង ម៉ៅ ស៊ីណាត បានលើកឡើងថាមិនមែននាងចេះតែនិយាយយកល្អនោះទេ កន្លងមកអ្នកនាងក៏ធ្លាប់បានជួយឧបត្ថម្ភដល់អតីតតារាចម្រៀង អ៊ុំ គន្ធា ច្រើនដងមកហើយ ។ ម៉ៅ ស៊ីណាត បានលើកឡើងថាអ្នកនាងជាមនុស្សចូលចិត្តធ្វើបុណ្យទានណាស់គ្រាន់តែមិនដែលបង្ហាញតាមបណ្តាញសង្គមប៉ុណ្ណោះ ។
គួរឱ្យដឹងថា ម៉ៅ ស៊ីណាត ធ្លាប់ជាតារាចម្រៀងដែលមានប្រជាប្រិយភាពម្នាក់ ដោយសំឡេងរបស់អ្នកនាងត្រូវបានអ្នកគាំទ្រប្រដូចទៅនឹងរៀមច្បងជើងចាស់លោកយាយ ប៉ែន រ៉ន៕