Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រោយពីបែកធ្លាយសារឆ្លើយឆ្លងគ្នាតាមទូរស័ព្ទ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះ រវាងលោក លឺ ឡាយស្រេង ដែលជាអ្នកនយោបាយជើងចាស់ និងជាអតីតមន្រ្តីគណបក្ស ហ៊្វុន ស៊ិនប៉ិច និងលោកស្រី គី លំអង ជាអតីតមន្រ្តីគណបក្ស ហ៊្វុន ស៊ិនប៉ិច ដែលបានប្រមាថម៉ាក់ងាយដល់ព្រះចេស្តារបស់ព្រះមហាក្សត្រ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រួចមក នៅថ្ងៃដដែលនេះ លោក លឺ ឡាយស្រេង បានចេញវិដេអូ សូមព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ និងសូមឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អភ័យទោសដល់រូបលោក។

ផេកហ្វេសប៊ុកឈ្មោះ សីហា បានឲ្យដឹងនៅថ្ងៃទី២១ ខែតុលាថា លោក លឺ ឡាយស្រេង ជាមួយលោកស្រី គី លំអង បានលើកឡើងពីផែនការ ដែលនឹងមានមន្ត្រីមួយចំនួនចង់ទៅចូលគាល់ព្រះមហាក្សត្រ ក្រោមលេសដែលគេបាននិយាយថា ដើម្បីបន្ថយកម្ដៅនយោបាយ ហើយទំនងជាចង់សុំការសម្រេចព្រះទ័យពីព្រះមហាក្សត្រឲ្យធ្វើអ្វីមួយ តាមគោលបំណងរបស់ពួកគេ ប៉ុន្តែលោកស្រី គី លំអង គិតថា ប្រហែលព្រះមហាក្សត្រមិនហ៊ានទេ។

លោក លឺ ឡាយស្រេង បានឆ្លើយតបទៅលោកស្រី គី លំអង វិញ ដោយប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះព្រះមហាក្សត្រថា “បើមិនហ៊ានទេ ឲ្យដាក់រាជ្យទៅ ឲ្យគេទៅធ្វើម្តងវិញ មាន់គ្រៀវអញ្ចឹងនោះ។ បន្ទាប់ពីឮពាក្យនេះ លោកស្រី គី លំអង បានសរសើរលោក លឺ ឡាយស្រេង ថា ...ក្នុងចំណោម ហ៊្វុន ស៊ិនប៉ិច ចាស់ៗ មានតែបងឯងទេ ដែលហ៊ានងើបនោះ”

ក្នុងការសន្ទនាគ្នានោះដែរ អ្នកទាំងពីរ ក៏បានប្រើពាក្យវាយប្រហារទៅលើសម្តេចក្រុម ព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊ុន ស៊ិនប៉ិច បច្ចុប្បន្ន ដោយពាក្យអសុរោះមួយចំនួន ដូចជាប្រើសម្តីថា “អាស្តេចចោលម្សៀតមួយនេះ យ៉ាប់មែនទែន ... ថោកទាបណាស់... អានេះបន្តុះបង្អាប់រាជវង្ស...ជាដើម”។ លោកស្រី គី លំអង បានបន្ទរថា ត្រូវហើយបង្អាប់ព្រះកូណាទៀត។ លោក លឺ ឡាយស្រេង ថែមទាំងបានបន្តប្រមាថព្រះមហាក្សត្រទៀតថា “បើអាព្រះកូណាហ្នឹង វាអាប់ស្រាប់ផងទេ....”

តាមរយៈវិដេអូនៅក្នុងហ្វេស៊ុក កាលពីថ្ងៃទី២១ ខែតុលា លោក លឺ ឡាយស្រេង បានទទួលស្គាល់ថា គឺជាសម្ដីរបស់លោក និងលោកស្រី គី លំអង ប្រាកដមែន។ លោកថា ការនិយាយឆ្លើយឆ្លងគ្នារវាងលោក និងលោកស្រី គី អំលង នោះ គ្រាន់តែជាការព្រួយបារម្ភថា តើព្រះមហាក្សត្រ មានព្រះរាជហឫទ័យពិបាកយ៉ាងណា ចំពោះស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន ដែលមើលឃើញមានការលំបាកជាងមុន។

លោកថា “ចំពោះការនិយាយជាមួយ លំអង ព្រឹកមិញនេះ កុំចោទនាងអី នាងគ្រាន់តែជាអ្នកស្តាប់ទេ ហើយខ្ញុំជាអ្នកនិយាយ ខ្ញុំទទួលស្គាល់ថា ខ្ញុំមានលើសលួសខ្លះៗ ដូច្នេះខ្ញុំសូមអភ័យទោសដល់បងប្អូនទាំងអស់ ជាពិសេសដល់សម្តេចនាយក(សម្តេចតេជោ) និងព្រះមហាក្សត្រថា ខ្ញុំនេះ អត់មានបក្ខពួកអីទេ គ្រាន់តែថា ជាមន្រ្តីចាស់ ហើយជួនណាដូចជាព្រួយបារម្ភខ្លាំងពេក ចេះតែនិយាយផ្តេសផ្តាសខ្លះទៅ ខ្ញុំទទួលស្គាល់ថា ពិតជាមាននិយាយអាចខុសខ្លះៗ”

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor